Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបទៅនឹងការលើកឡើង របស់អង្គសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន

spot_img

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតបទៅនឹងការលើកឡើង របស់អង្គសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន រួមទាំងក្រុមសង្គមស៊ីវិលមួយចំនួនតូច​ ដែលបានបង្ហាញកង្វល់ពីការឃុំខ្លួន សកម្មជនបរិស្ថាន នាពេលកន្លងមកនេះ វាគ្រាន់តែជាសារនយោបាយ និងមិនមានឥទ្ធិពលអ្វីទៅលើការសម្រេចរបស់តុលាការនោះទេ ពីព្រោះតុលាការសម្រេចដោយផ្អែកទៅលើភស្តុតាង មានមូលដ្ឋានច្បាប់ ក្នុងការចោទប្រកាន់ និងដំណើរការនីតិវិធីតាមផ្លូវតុលាការ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានមានប្រសាសន៍ប្រាប់ CEN នៅរសៀលថ្ងៃទី២ ខែកក្កដា នេះថា គឺការលើកឡើងនេះ ត្រូវហើយ ការលើកស្ទួយបរិស្ថាន និងសិទ្ធិមនុស្ស មិនមែនជាបទល្មើសទេ ហើយកម្ពុជាប្រកាន់ភ្ជាប់នូវគោលការណ៍នឹង ក៏ប៉ុន្តែសកម្មជន ដែលរងការចោទប្រកាន់មិនមែន ដោយសារសកម្មភាពស្ទួយបរិស្ថាន និងសិទ្ធិមនុស្ស គឺដោយសារតែបានប្រព្រឹត្តបទល្មើស ហើយសមត្ថកិច្ចមានភស្តុតាង មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការចោទប្រកាន់ និងដំណើរការនីតិវិធីតាមផ្លូវតុលាការ។

លោកជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា “ការលើកឡើងនេះ វាគ្រាន់តែជាសារនយោបាយ វាអត់មានមូលដ្ឋានផ្លូវច្បាប់ណាមកការពារកើតដែរ។ អីចឹងការដែលលើកឡើង ហើយថ្លែងជាសារនយោបាយ វាអត់មានឥទ្ធិពលអីទៅលើការសម្រេចរបស់តុលាការ ព្រោះតុលាការគេសម្រេចផ្អែកទៅលើភស្តុតាង សក្ខីកម្ម ហើយបើយើងអត់មានភស្តុតាង សក្ខីកម្ម ហើយបើយើងអត់មានភស្តុតាងសក្ខីកម្ម រឹងមាំនៅក្នុងការដោះបន្ទុកតតាំងបទចោទផង ការថ្លែងសារនយោបាយវាមិនមានឥទ្ធិពលអី ហើយក៏គ្មានប្រយោជន៍អីដែរ”។

ទាក់ទងការចាប់ខ្លួនសកម្មជនបរិស្ថានចំនួន៣នាក់ អង្គការសហប្រជាជាតិ តាមរយៈអង្គភាពសិទ្ធិមនុស្ស និងកម្មវិធីបរិស្ថាននៃអង្គការពិភពលោកមួយចេញសេចក្តីប្រកាសព័ត៌មានផ្សាយកាលពីថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១ ដោយបានបង្ហាញកង្វល់ចំពោះការចាប់ឃុំខ្លួនសកម្មជនបរិស្ថាននៅក្នុងប្រទេសកម្ពុជា។

តំណាងអាស៊ីអាគ្នេយ៍នៃការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិប្រចាំទីក្រុងបាងកក លោកស្រី Cynthia Veliko បានថ្លែងថា ការងារសិទ្ធិមនុស្ស និងបរិស្ថាន មិនមែនជាបទល្មើសព្រហ្មទណ្ឌឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ តុលាការបានចោទប្រកាន់ស្ថាបនិកអង្គការមាតាធម្មជាតិ លោក Alejandro Gonzalez-Davidson និងបក្ខពួកចំនួន ៣នាក់ផ្សេងទៀត រួមមានៈ លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានតុលាការចោទប្រកាន់ពី “បទរួមគំនិតក្បត់ និងបទប្រមាថចំពោះអង្គព្រះមហាក្សត្រ” តាមបញ្ញត្តិមាត្រា ៤៣៧ (ស្ទួន) និងមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលមានទោសអតិបរមានីមួយៗ រហូតដល់ ៥ឆ្នាំ និង១០ឆ្នាំ។

សូមរម្លឹកថា អង្គការមាតាធម្មជាតិ ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោកអាឡិច ជាប្រធានអង្គការ ចេញពីប្រទេសកម្ពុជាកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×