Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ាន សូរស័ក្ដិ ៖អាស៊ាន-ចិន ត្រូវផ្តល់អាទិភាពលើការវិនិយោគនិងពាណិជ្ជកម្ម ពង្រឹងនូវកិច្ចសហការសេដ្ឋកិច្ច ជំរុញកំណើនពាណិជ្ជកម្មដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញ

spot_img

ភ្នំពេញ​ ៖ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ដិ ថ្លែងថា អាស៊ាន-ចិន ត្រូវតែផ្តល់អាទិភាព ទៅលើការវិនិយោគនិងពាណិជ្ជកម្ម ដោយពង្រឹងនូវកិច្ចសហការសេដ្ឋកិច្ច ការជំរុញកំណើនពាណិជ្ជកម្មដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញ ដោយរក្សាទីផ្សារបើកចំហរ ពង្រឹងការតភ្ជាប់ ពង្រឹងនូវសមត្ថភាពនៃផលិតកម្ម និងការតភ្ចាប់សង្វាក់ផលិតកម្ម ធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួលការវិនិយោគ ចូលរួមផ្សព្វផ្សាយពីការវិនិយោគរួមគ្នា។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្រ្តីថ្លែងសន្ទរកថាបិទ ក្នុងវេទិកាសកលស្តីពីអនាគតចិនឆ្នាំ ២០២១ (Future China Global Forum 2021) ក្រោមប្រធានបទ កិច្ចសន្ទនាអាស៊ាន-ចិន ក្នុងសភាពមិនប្រក្រតី និងរនាំងថ្មី៖ អត្ថប្រយោជន៍នៃការពឹងផ្អែករវាងចិន-អាស៊ានសម្រាប់កំណើនប្រកបដោយបរិយាបន្ន (ASEAN-China Dialogue in the Never Normal: The New Frontier: Leveraging ASEAN and China’s Interdependence for Inclusive Growth) រៀបចំដោយប្រទេសសិង្ហបុរីក្នុងសប្តាហ៍នេះ។

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាបន្តថា អាស៊ាន-ចិនក៏គួរគិតគូរនឹងលើកកម្ពស់ ហិរញ្ញវត្ថុឌីជីថល ដើម្បីកិច្ចសហការទៅវិញទៅមកឲ្យរឹងមាំ និងចាប់ផ្តើមផ្សព្វផ្សាយពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ អាស៊ាន-ចិនក៏គួរគិតពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលមានភាពប្រទាក់ក្រឡានឹងគ្រប់ជ្រុងជ្រោយ ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍន៍ប្រព័ន្ធផាត់ទាត់នៅក្នុងតំបន់។

លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«ចិននឹងគាំទ្រ សមាជិកអាស៊ាន ដើម្បីពង្រឹងនូវសមត្ថភាព ដើម្បីទទួលបានអត្ថប្រយោជន៍ នៃការប្រើប្រាស់ Big Data សម្រាប់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអភិបាលកិច្ចល្អ ដើម្បីធានានូវសុវត្ថិភាពទិន្នន័យ តាមរយៈការលើកកម្ពស់ចំណេះដឹង កសាងសមត្ថភាព ហរិញ្ញវត្ថុ និងការគាំទ្របច្ចេកទេស»។

លោករដ្ឋមន្រ្តីពាណិជ្ជកម្មក៏បានរំលេចដែរថា វេទិកានេះបានចូលរួមផ្លាស់ប្តូរទិដ្ឋភាពគ្រប់ទិដ្ឋភាពនៃវិស័យទាំងអស់ ជាមួយនឹងភាគីពាក់ព័ន្ធទាក់ទងសភាពមិនប្រក្រតី ជាពិសេសទាក់ទងនវានុវត្តន៍ផ្នែបច្ចេកវិទ្យា ការតភ្ចាប់វិស័យហិរញ្ញវត្ថុ ការវិយោគនិងពាណិជ្ជកម្មឆ្លងព្រំដែន។ លោកបន្តថា វេទិកានោះទៀតសោត បានចូលរួមចំណែកក្នុងការកសាងមិត្តភាពរវាងចិន-អាស៊ានក្នុងគោលបំណងតែមួយដោយ បង្ហាញនូវបញ្ហាប្រឈមរបស់ពិភពលោក និងពាំនាំនូវសុខដុមរមនា និងការអភិវឌ្ឍន៍សម្រាប់ដៃគូនៅក្នុងទស្សវត្សបន្តបន្ទាប់។

លោក ប៉ាន សូរស័ក្ដិបន្តថា ប្រមាណជាង ៣០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសចិន និងអាស៊ាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្តកំណើនគួរឲ្យកត់សម្គាល់ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានចាប់តាំងពីឆ្នាំ២០០៩ យោងតាមស្ថិតិរបស់អាស៊ាន ទំហំពាណិជ្ជកម្មអាស៊ាន-ចិនមានតម្លៃ ៥០៧,៩ប៊ីលានដុល្លារក្នុងឆ្នាំ២០១៩។ ដូចគ្នានេះដែរ ការវិនិយោគផ្ទាល់ពីបរទេសដែលហូរពីចិនទៅកាន់អាស៊ាន មានប្រមាណ ៨,៩៧ប៊ីលានដុល្លារ ដូចនេះវាមានសារសំខាន់បំផុតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។

គូសបញ្ជាក់ថា ចិននិងអាស៊ានរហូតមកទល់ពេលនេះ បានចុះហត្ថលេខានិងអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន (ACFTA) ហើយថ្មីៗនេះ អាស៊ាននិងចិននិងភាគីផ្សេងទៀត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ។ ឥលូវអាស៊ាននិងចិនបានកំពុងតែស្វែងរកគំនិតផ្តួចផ្តើមថ្មីៗទៀតដើម្បីពង្រឹង សម្រួល ទៅលើឱកាសវិនិយោគ និងពាណិជ្ជកម្ម ដើម្បីធ្វើឲ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្ម រួមមានការស្វែងរកលទ្ធភាពដែរអាចធ្វើបន្ថែមទៀតលើយន្តការ ACFTA Protocol ដើម្បីទទួលបានទីផ្សារ ដែលមានស្តង់ដារខ្ពស់ និងអភិវឌ្ឍ ACFTAឲ្យគ្រប់ជ្រុងជ្រោយ។

បន្ថែមលើនេះ ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងតំបន់ RCEP ក្នុងពេលអនាគត វាគឺមានសក្តានុពលក្នុងការពង្រីកបន្ថែម និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងចិន-អាស៊ាន ដែលមានកម្រិតនោះ ពីព្រោះថាកិច្ចព្រមព្រៀងនេះតំណាងឲ្យ ១/៣ នៃផលិតផលសរុបក្នុងស្រុករបស់ពិភពលោក និង៣០ភាគរយនៃដង់ស៊ីតេប្រជាជននៅលើពិភពលោក។

ពាណិជ្ជកម្មដ៏ធំមួយនេះ គឺទំនើប គ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ ជាងនេះទៅទៀត វានឹងជួយកាត់បន្ថយការចំណាយពាណិជ្ជកម្ម សម្រាប់អាជីវកម្ម និងការធ្វើសមាហរណកម្មសង្វាក់ផលិតកម្មអាស៊ានទៅក្នុងសង្វាក់ផលិតកម្មពិភពលោក សម្រាប់គ្រឿងអេឡិចត្រូនិក យានយន្ត កាត់ដេរ និងវាយនភ័ណ្ឌ។

លោកបន្តថា៖«ចំពោះកម្ពុជា ដែលជាសមាជិករបស់កិច្ចព្រមព្រៀង ACFTA យើងតែងតែតាំងចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមា យើងក៏បានធ្វើកំណែទម្រង់ក្នុងស្រុកមួយចំនួនផងដែរ ដើម្បីលើកកម្ពស់ និងសម្របសម្រួលពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ច ជាឧទាហរណ៍ យើងបានអភិវឌ្ឍនិងដាក់ឲ្យដំណើរការនូវប្រព័ន្ធថ្នាលស្វ័យប្រវត្តិ រួមមានការចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ ការបង់ពន្ធតាមអនឡាញ ការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ការចេញប្រភពដើមទំនិញជាទម្រង់ឌីជីថល ការចុះបញ្ជីគម្រោងវិនិយោគដែលមានគុណវុឌ្ឍ និងផ្គត់ផ្គង់នូវទិន្នន័យដែលមាននិរន្តរភាព។ »

លោក ប៉ាន សូរស័ក្ដិ បានបន្តថា នៅក្នុងកំណែទម្រង់ផ្នែក ហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានព្រមព្រៀងទូទាត់ជារូបិយប័ណ្ណជាប្រាក់រៀល និងយ័ន នៅក្នុងអន្តរធនាគារនៃខេត្តក្វាងស៊ី ហើយរូបិយប័ណ្ណទាំងពីរ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ការធ្វើជំនួញ និងវិនិយោគរវាងចិននិងកម្ពុជា ចាប់តាំងពីឆ្នាំ២០១៧។ បន្ថែមលើនេះ យន្តការនៃការទូទាត់តាម Alipay WeChat Payនិងផ្សេងៗទៀត ក៏ត្រូវបានឲ្យដំណើរការ និងសម្របសម្រួលនៅកម្ពុជា ដើម្បីសម្រួលដល់ជនជាតិចិននិងទេសចរផងដែរ។

លោក ប៉ាន សូរស័ក្ដិបញ្ជាក់ទៀតថា កម្ពុជាស្ថិតក្នុងដំណើរការនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងសេរី កម្ពុជា-ចិន ដែលអាចអនុវត្តបាននៅខែមករាឆ្នាំ២០២២៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×