Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បី ពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។

សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោក ដទៃទៀត ជាពិសេសក្នុងការលើកកម្ពស់សន្តិភាព រក្សាស្ថិរភាព និងសន្តិសុខសម្រាប់តំបន់ក៏ដូចជាពិភពលោក ទាំងមូល។

ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នឹងផ្តល់ផលប្រយោជន៍សំខាន់ៗជូនព្រះរាជាណាចក្រកម្ពុជា ដូចជាការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន ក្នុងការធ្វើសមាហរណកម្មតំបន់ អាស៊ី-អាគ្នេយ៍ឱ្យកាន់តែពេញលេញ តាមរយៈការបញ្ចូលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជាសមាជិកទី១១នៃអាស៊ាន និង ការចូលរួមចំណែករបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោកទាំងមូល ក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងអាវុធ ប្រល័យលោកដទៃទៀត។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ មាន៣មាត្រា។ ក្រោយពីបានពិភាក្សាតាមនីតិវិធី រួចរាល់ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ទំាងមូលជាឯកច្ឆន្ទ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×