Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា លើកទឹកចិត្តចំពោះអាមេរិក ឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង របស់អាស៊ានដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ប្រមុខការទូតកម្ពុជាលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកទឹកចិត្តចំពោះសហរដ្ឋអាមេរិក ឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ និងងើបចេញពីផលប៉ះពាល់នៃជំងឺនេះដោយភាពរឹងមាំ។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាពនូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។ ឯកឧត្តម បានបង្ហាញនូវការជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ស.រ.អា ដែលត្រូវបានលើកកម្ពស់ គឺនឹងផ្តល់នូវផលប្រយោជន៍យ៉ាងពិសេសដល់ការកសាងសហគមន៍អាស៊ាន។

ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ-នយោបាយ លោកឧបនាយករដ្ឋមន្រ្តី បានចែករំលែកការព្រួយបារម្ភជាមួយរដ្ឋមន្រ្តីផ្សេងៗទៀត ជុំវិញការកើនឡើងនូវភាពស្មុគស្មាញ នៃបញ្ហាប្រឈមនានា ដែលកំពុងកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗទៀត។ ឯកឧត្ដម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របពេលលោកគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការទទួលស្គាល់ថា គ្មានបទដ្ឋានណាមួយដែលអនុវត្តបានគ្រប់កាលៈទេសៈនោះទេ។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ប្រមុខការទូតបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ប្រកាន់ខ្ជាប់ភាពអត់ធ្មត់ជាអតិបរិមា ដើម្បីចៀសវាងការបន្តឹងស្ថានការណ៍បន្ថែមទៀត និងដើម្បីស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។ កិច្ចខិតខំប្រឹងប្រែងនានាគួរត្រូវបានផ្តោតការយកចិត្តទុកដាក់ លើការពន្លឿនការបញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារ និងមានប្រសិទ្ធភាព ព្រមទាំងការអនុវត្តយ៉ាងពេញលេញ នូវវិធានការណ៍ដែលបានឯកភាពគ្នារួច ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយឯកឧត្ដមបានបញ្ជាក់អំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងតួនាទីដែលមិនអាចខ្វះបាន របស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ស្ថិរភាពក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។

លោកឧបបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ អំពីការឯកភាពគ្នាជាឯកច្ឆន្ទ លើប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ដែលបានសម្រេចកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ និង
ឆន្ទៈនយោបាយរបស់អាស៊ាន ក្នុងការគាំទ្រដំណោះស្រាយសន្តិភាពតាមរយៈការសន្ទនា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×