Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញពន្យល់ថា ការទប់កុំឲ្យវិស័យអចលនទ្រព្យ ដើរលឿនពេក ធ្វើឲ្យពលរដ្ឋមានដើមទុននៅសល់ សម្រាប់ជំរុញវិស័យផលិតកម្ម ជាជាងវិនិយោគអចលនទ្រព្យ

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ច បានលើកហេតុផលថា ប្រទេសកម្ពុជា ត្រូវមានវិធានច្បាស់លាស់មួយ ដើម្បីទប់ការអភិវឌ្ឍវិស័យអចលនទ្រព្យ កុំឲ្យលឿនពេក ដែលធ្វើឲ្យប៉ះពាល់ដល់ផលិតភាពផលិត កម្ម។ អ្នកជំនាញ យល់ឃើញថា ការរីកចម្រើននៃវិស័យអចលនទ្រព្យលឿនពេក ក្នុងរយៈពេលខ្លី ជាពិសេសទៅកាន់តំបន់សក្តានុពលកសិកម្ម វានឹងធ្វើឲ្យប៉ះពាល់ដល់ផលិតភាព សម្រាប់ជំរុញដល់សកម្មភាពសេដ្ឋកិច្ច។

អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍ បានចាត់ទុកថា ការអភិវឌ្ឍវិស័យអចលនទ្រព្យលឿនរហ័សពេកប្រែក្លាយដីស្រែ ចម្ការ ទៅជាតំបន់បុរី ឬតំបន់អភិវឌ្ឍន៍អ្វីមួយ គឺខុសទៅនឹងគោលការណ៍នគរូបនីយកម្មនៃការៀបចំទីក្រុង។ លោកបានពន្យល់ថា៖ «ការទប់កុំឲ្យវិស័យអចលនទ្រព្យដើរលឿនពេកនោះ គឺដើម្បីឲ្យប្រជាពលរដ្ឋយើង មានដើមទុននៅសល់សម្រាប់ជំរុញវិស័យផលិតកម្ម ជាជាងវិនិយោគទៅលើវិស័យអចលនទ្រព្យ ពីព្រោះដី ១ហិកតា នៅតែ ១ហិកតាដដែល ពោល គឺវាឡើងតែថ្លៃប៉ុណ្ណោះ។ ដូច្នេះវាមិនបានឡើងថ្លៃទំនិញនោះទេ ប៉ុន្តែបើយើងដាក់កសិកម្មដាំគ្រាប់សណ្តែកតែ ១គ្រាប់វិញ គឺយើងទទួលបានសណ្តែក ១០០គ្រាប់ ឬ ១ពាន់គ្រាប់ ទើបយើងអាចទទួលបានកំណើនផលិតកម្ម ដែលជាកត្តាសំខាន់ ជាជាងលក់ដី ឡើងតែថ្លៃនៅក្នុងរយៈពេលខ្លី»។

ដោយឡែកសម្រាប់រយៈពេលវែង អ្នកសេដ្ឋកិច្ចរូបនេះ យល់ឃើញថា កម្ពុជាត្រូវតែជំរុញវិស័យអប់រំ និងវិស័យសុខាភិបាលឲ្យបានល្អ ពីព្រោះវិស័យទាំងពីរនេះ គឺសំខាន់ខ្លាំងណាស់សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនប្រកបដោយចីរភាព។

គួរកត់សម្គាល់ថា ដីដែលធ្លាប់តែធ្វើកសិកម្ម នៅតាមជាយរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ត្រូវបានអ្នកវិនិយោគ ឬអ្នកមានលុយទិញទុកចោល ដើម្បីទុកយកចំណេញនៅពេលឡើងថ្លៃ ដែលមិនព្រមអភិវឌ្ឍន៍អ្វីទាល់តែសោះ ដែលធ្វើកត្តានេះ ត្រូវបានអ្នកសេដ្ឋកិច្ចជាច្រើនធ្លាប់លើកឡើងថា វានឹងធ្វើឲ្យបាត់បង់សកម្មភាពផលិតកម្មរបស់កម្ពុជា៕
រក្សាសិទ្ធិដោយ៖CEN

×