Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត និងប្រព័ន្ធប្រឡាយមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត តំបន់រលាំងជ្រៃស្លាគូ តំបន់កំពង់ទួលទំនប់៧មករា និងប្រព័ន្ធប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។

សូមជម្រាបថា កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះរួមមាន៖ ទី១)ទំនប់អាងទឹកតាសាលទឹកមានកម្ពស់ ១៥,៥៥ម៉ែត្រ កើនឡើង ០,៩០ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ២០,០០ម៉ែត្រ ទី២)ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៤,១០ម៉ែត្រ កើនឡើង ០,៦០ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ៨,០០ម៉ែត្រ ទី៣)ស្ថានីយរលាំងជ្រៃ ទឹកមានកម្ពស់ ៧,២៩ ម៉ែត្រ កើនឡើង ០,០៣ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ និងទី៤)ទំនប់៧មករា ទឹកមានកម្ពស់ ១១,៨៥ម៉ែត្រ ស្រកចុះ ០,០៧ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ១២,៤០ម៉ែត្រ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំក្រសួងនៅតាមមុខព្រួញត្រូវបន្តសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តគោលដៅ ក្នុងការចុះតាមដានស្ថានភាពទឹកនៅតាមអាងទឹក និងប្រព័ន្ធធារាសាស្ត្រ ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈជានិច្ចគ្រប់កាលៈទេសៈ ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសប្រទេសកម្ពុជា ដែលបាននិងកំពុងទទួលរងឥទ្ធិពលសម្ពាធទាបនៅសមុទ្រចិនខាងត្បូង ហើយដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងធ្វើឱ្យកម្ពស់ទឹកស្ទឹងសំខាន់ៗមួយចំនួនមានការកើនឡើង ដែលតម្រូវឱ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×