ជឿថាប្រិយមិត្តជាច្រើន បានស្គាល់ហើយ តារាស្រីជើងចាស់មួយរូបលាក់មុខនៅតាមភោជនីយដ្ឋានច្រើនឆ្នាំ ប៉ុន្តែ ទើបល្បីខ្លាំងតាមរយៈបទ «មេម៉ាយ សប្បាយចិត្ត» បន្ទាប់ពីលេខមុខច្រៀងដកកាដង់នៅក្នុងកម្មវិធីផ្សេងៗតាមផ្ទះ គឺអ្នកនាង រ័ត្ន រចនា។
ជាការពិតណាស់ ក្រោយផ្ទុះល្បីតាមរយៈបទ «មេម៉ាយ សប្បាយចិត្ត» ដែលជាសំនៀងដើមរបស់អតីតតារាចម្រៀងជំនាន់ដើម អ្នកស្រី ប៉ែន រ៉ន អ្នកនាង រ័ត្ន រតនា ក៏មានឱកាសបានចេញទៅសម្ដែងនៅប្រទេសកូរ៉េ តាមរយៈសមាគមសិល្បៈខ្មែរ របស់អ្នកនាង ចន ច័ន្ទលក្ខិណា និង ត្រូវបានលោក ឡេង ណាវ៉ាត់ត្រា អញ្ជើញឲ្យចូលរួម ក្នុងការសម្ដែងច្រៀងឆ្លងឆ្នាំសកល នៅប្រទេសកូរ៉េ កាលពីឆ្នាំ២០១៨។
ជាមួយភាពល្បីល្បាញនេះផងដែរ អ្នកនាង រ័ត្ន រចនា បានរៀបរាប់ឲ្យដឹងថា ពីមុនអ្នកនាងគឺគ្រាន់តែជាអ្នកចម្រៀងតាមហាង ភោជនីយដ្ឋាន ចេញចម្រៀងមួយថ្ងៃរកចិញ្ចឹមក្រពះបានតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែក្រោយល្បីបទ “មេម៉ាយសប្បាយចិត្ត” នេះមក ខ្សែជីវិតរបស់នាងហាក់បានផ្លាស់ប្តូរ ព្រោះមានមហាជនស្គាល់ច្រើន ខណៈទីផ្សារចម្រៀងមានគេទាក់ទងមកជាហូរហែស្ទើររកពេលសម្រាកពុំចង់បាន។ រីឯតម្លៃខ្លួនវិញក៏ឡើងទៅតាមហ្នឹងដែរ។
ដោយឡែក មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីមានរូបរាងធាត់ទ្រលក់ទ្រលន់រូបនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលស្ទើរតែមិនគួរឲ្យជឿ ខណៈបានឃើញសម្រស់របស់នាងស្រស់ស្អាតជាងមុនដាច់ ដោយបានប្រែរូបរាង ៣៦០ ដឺក្រេ មើលសឹងមិនស្គាល់តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង