ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមពិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនៅសុខៗ តារាកំប្លែងស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ CTN និងជាដៃគូដ៏របស់នាយ ពាក់មី អ្នកនាង ខ្ញុង ស្រាប់តែបានប្រកាសលាឈប់ពីសិល្បៈ ដោយក្នុងនោះ ខ្ញុង បង្ហោះសារនៅលើបណ្តាញសង្កម ដោយសារ Caption យ៉ាងដូច្នេះថា៖ «បើខ្ញុំឈប់ពីសិល្បៈតើបងប្អូននៅគាំទ្រ និងស្រឡាញ់ខ្ញុំអត់»។
តែយ៉ាងណា ក្រោយឃើញ ខ្ញុងប្រកាសបែបនេះ ក៏ស្រាប់តែមានមនុស្សមួយចំនួនបានរិះគន់កប់ៗមាត់ ដូចជាថា ជាមនុស្សភ្លេចកំណើត ឬជាមនុស្សរមិលគុណបានល្បីចាកចេញពីតាវិចទ័រ ជាដើម។ តែក្រោយពីបានឃើញគេនាំគ្នារិះគន់ជេរបញ្ចោប្រមាថខ្លួនហាក់ជ្រុលពេក អត់ទ្រាំពុំបាន ខ្ញុុង ក៏បានចេញវីដេអូឆ្លើយតបព្រលះខ្លាំងៗទៅកាន់អ្នកទាំងអស់នោះដែលមិនដឹងរឿងច្បាស់ ឡើងញ័រសាច់តែម្តង។
ដោយឡែក ក្រោយរឿងនេះបានផ្ទុះខ្លាំង ខណៈអ្នកគាំទ្រជាច្រើនក៏មានការងឿងឆ្ងល់ នៅពេលនេះ ខ្ញុង បានចេញមកបកស្រាយ។ ក្នុងនោះ ជាបឋម តារាកំប្លែងសម្បូរវោរហាស័ព្ទ និងទេពកោសល្យសម្តែងរូបនេះ បានសុំការអភ័យទោសចំពោះការដាក់ Caption ខាងលើ ដែលនាំឲ្យមហាជនមានការយល់ច្រឡំ និងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានីយ៍ទូរទស្សន៍ CTN និងលោក តាវិចទ័រ ដែលជាអ្នកផ្តល់កំណើតឲ្យខ្លួនបានល្បី គេស្គាល់ពេញប្រទេស និងមានថ្ងៃនេះក៏ដោយសារ CTN។
ងាកមកនិយាយដល់រឿងលាឈប់ពីវិស័យសិល្បៈកំប្លែងវិញ អ្នកនាង ស្រេង សុកាន់ដា (ហៅខ្ញុង) បានប្រាប់ទៅមហាជន និងក៏ដូចអ្នកគាំទ្រថា តាមពិតទៅ ខ្លួនមិនមែនឈប់ពីសិល្បៈទេ ប៉ុន្តែ បំណងគឺលាឈប់ពី CTN ព្រោះតែមូលហេតុគឺជាប់រវល់មើលថែកូន និងការលក់ដូរតាមអនឡាញប្រអក ប្រហុក ដែលមិនអាចនៅធ្វើការឲ្យ CTN ទៀតបាន។ ហេតុនេះ អ្នកនាងពិតមានការរអៀសខ្លួនខ្លាំង ក្នុងបន្តស៊ីប្រាក់ខែកុងត្រាពី CTN ទាំងដែលខ្លួនធ្វើការមិនបានដិតដល់។ ប៉ុន្តែ ប្រសិនបើ CTN ហៅទៅថតគ្រប់កម្មវិធី គឺនាងនៅតែទៅ នៅតែមានវត្តមានដដែល និយាយរួមទៅ គឺនាងសុីប្រាក់ខែសូវិញ ដែលមានន័យថា ហៅថតបានលុយ អត់ហៅអត់លុយ…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង