នេះជារឿងដ៏ហួសចិត្តខ្លាំងណាស់ខណៈដែលក្រុមក្មេងស្រីវ័យៗជំទង់២ក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងសាហាវ ប្រើសុទ្ធតែកៅអីហោះ បន្ទាប់ពីកើតជម្លោះដាក់គ្នានៅកន្លែងលក់ស្រាក្រឡុកមួយកន្លែង នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ជូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ៤ ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
បើតាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្រុមយុវវ័យមានទាំងប្រុសមានទាំងស្រីចំនួន២ក្រុម ដោយម្ខាងៗមានគ្នាប្រមាណជាង១០នាក់ ចូលទៅផឹកស៊ីនៅកន្លែងលក់ស្រាក្រឡុក នៅចំណុចកើតហេតុខាងលើ យ៉ាងសប្បាយអឺងកង ប៉ុន្តែ នៅទីបំផុត ក៏កើតមានទំនាស់សម្តីរហូតឈានដល់ប្រើកៅអីជ័រ ស្បែកជើង វាយប្រតប់គ្នាយ៉ាងសាហាវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងក៏ដូចប្រជាពលរដ្ឋនៅម្តុំនោះ ដែលធ្វើឲ្យពួកគាត់មានការហួសចិត្តជាខ្លាំងតែម្តង។
ក្រោយហេតុការណ៍បានកើតឡើង កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានចេញទៅអន្តរាគមន៍ភ្លាមៗ និងបានធ្វើការឃាត់ខ្លួនក្មេងស្រីស្ទាវៗទាំងក្រុមចំនួន ១៧ នាក់ ខណៈយុវជនប្រុសៗបានរត់គេចខ្លួនបាត់អស់។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ដើមចមដែលនាំឲ្យកើតមានទំនាស់រហូតឈានដល់ការវាយប្រតប់គ្នាបែបនេះ គឺផ្តើមចេញពីការសម្លឹងមើលមុខគ្នា និងឌឺដងដាក់គ្នាតែប៉ុណ្ណោះ។ តែទោះយ៉ាងណា ក្រោយជួយធ្វើការសម្របគ្នារួចមក សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យគូទំនាស់ទាំងសងខាង វិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដោយមានការធានាធ្វើកិច្ចសន្យាពីអាណាព្យាបាលរបស់ពួកគេផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
ការពិតណាស់ បច្ចុប្បន្ននេះ ទីតាំងកន្លែងលក់ស្រាក្រឡុក ដែលបំពាក់ទៅដោយភ្លើងរាត្រីដ៏ចម្រុះពណ៌ នៅតាមដងផ្លូវឃើញថាបានកំពុងកើតមានឡើងព្រោងព្រាតតែម្តង។ ហើយអ្វីដែលពិសេសនោះ គឺទីកន្លែងទាំងនោះ មាននារីៗក្មេងស្លៀកសិុចៗស៊ីចាំអង្គុយកំដរអ្នកផឹក។ តែយ៉ាងណាកន្លងមក ក៏ធ្លាប់មានជំទាស់រវាងអ្នកផឹក និងនារីជាចាក់ស្រាផងដែរ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង