ប៉ូលិសថៃបានប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកហ្វូងដែលព្យាយាមហែក្បួនទៅកាន់ការិយាល័យរបស់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ច័ន្ទអូចា កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកក្កដា ឆ្នាំ២០២១) ដើម្បីទាមទារឱ្យគាត់លាលែងពីតំណែង ជុំវិញរឿងមិនអាចដោះស្រាយបាន ខណៈជំងឺកូវីដ-១៩ រាតត្បាតខ្លាំងឡើងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាជនកាន់តែលំបាក។
ប៉ូលីសបាននិយាយថា ក្រុមអ្នកតវ៉ាខ្លះបានវាយប្រហារមកលើប៉ូលីស និងមន្រ្តីប៉ូលីស ៨ នាក់ និងក៏ដូចយ៉ាងហោចណាស់អ្នកយកព័ត៌មានម្នាក់ បានរងរបួសផងដែរ នៅក្នុងអំឡុងពេលនៃប៉ះទង្គិចគ្នា។
តែយ៉ាងណា ប៉ូលីសមិនបានបញ្ជាក់ថា តើបាតុករណាម្នាក់រងរបួសទេ ប៉ុន្តែបាននិយាយថា អ្នកតវ៉ា១៣នាក់ ត្រូវបានចាប់ខ្លួន។
ពួកអ្នករៀបចំបាតុកម្ម បានអំពាវនាវឱ្យបញ្ចប់បាតុកម្មនៅម៉ោង ៦ ល្ងាច។ ប៉ុន្តែការប្រឈមមុខដាក់គ្នារវាងប៉ូលីស និងក្រុមបាតុកររាប់រយនាក់ បានបន្តអូសបន្លាយអស់រយៈពេលជាច្រើនម៉ោងទៀត មុនពេលប៉ូលីសបានបំបែកហ្វូងមនុស្ស នៅមុនម៉ោង៩យប់ ដែលបំរាមគោចរចូលជាធរមាននៅក្នុងរដ្ឋធានីថៃ ចូលមកដល់។
ប៉ូលីសបានធ្វើអន្តរាគមន៍ដោយកម្លាំង បន្ទាប់ពីក្រុមអ្នកតវ៉ាមួយចំនួនបានព្យាយាមរុះរើរនាំងលួស និងរនាំងដែក ដែលបានបង្កើតឡើងដោយអាជ្ញាធរ ដើម្បីបិទផ្លូវពីវិមានប្រជាធិបតេយ្យ រហូតដល់វិមានរដ្ឋាភិបាល ដែលនាយករដ្ឋមន្រ្តីធ្វើការ។
អ្នកនាំពាក្យរងប៉ូលីសលោក Kissana Phathanacharoen បាននិយាយថា ក្រុមបាតុករដែលបានចូលរួមមានចំនួនមនុស្សប្រមាណជាង ១ ពាន់នាក់ បានវាយប្រហារប៉ូលីសដោយគ្រាប់បែកពីងប៉ុង ការបាញ់គ្រាប់ជំពែម និងដុំផាវ។ លោកបានបន្ថែមទៀតថា សកម្មភាពរបស់ប៉ូលីសបានអនុវត្តតាមច្បាប់ និងបទបញ្ញត្តិ ហើយបានអនុវត្តយ៉ាងពេញលេញតាមស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងហ្វូងមនុស្ស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង (ប្រភព៖ reuters)