កាលពីពេលថ្មីៗនេះ មហាជនជាពលរដ្ឋខ្មែរ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការខឹងសម្បារយ៉ាងខ្លាំង ក្រោយពីបានដឹងថា ប្រទេសថៃបានលួចចម្លង (Copy) គំរូប្រាសាទអង្គរវត្តរបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវបានទទួលដោយអង្គការយូណេស្កូ និងកំពុងសាងសងនៅក្នុងវត្តថៃដ៏ល្បីល្បាញមួយគឺវត្ត ភូម៉ានហ្វា ដែលមានផ្ទៃដី ២០០ រ៉ៃ (ស្មើនឹង ៣២ ហិចតា)។
យ៉ាងណាមិញ ទន្ទឹមនឹងមជ្ឈដ្ឋានមហាជន នាំគ្នាប្រកាសសុំឲ្យថៃ ធ្វើការបកស្រាយ និងក៏ដូចបញ្ឈប់ការសាងសង់ចម្លងបន្ទាន់នេះ ក្នុងនោះ ក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ក៏បានចេញមុខធ្វើការលើរឿងនេះភ្លាមៗផងដែរ ដោយបានទាក់ទងទៅខាងភាគីថៃ ឲ្យធ្វើការបកស្រាយ។ តែទោះយ៉ាងណា នៅទីបំផុត ក្រសួងក៏បានបញ្ជាក់ក្នុងលិខិតថា ភាគីថៃ គេមិនបានកសាងចម្លងប្រាសាទអង្គរវត្តរបស់ខ្មែរនោះទេ។
ដោយឡែក អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺវីដេអូឃ្លីបមួយរបស់ស្រ្តីជនជាតិថៃមួយក្រុម ដែលបានទៅទស្សនាទីតាំងសាងសង់នោះ បញ្ចេញនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីអំឡុងឆ្នាំ២០២០ បានទម្លាយចេញឲ្យដឹងថា ថៃនឹងយកប្រាសាទអង្គរវត្ត និងអង្គរធំ ដាក់នៅក្នុងទឹកដីរបស់ខ្លួន។
នេះបើតាមអ្នក Youtuber ខ្មែរម្នាក់មានឈ្មោះថា SV LifeStyle បានធ្វើការបកប្រែពីសង្ឃដីការបស់ចៅអធិការវត្តភូម៉ានហ្វា នៅក្នុងវីដេអូទី១ ឲ្យដឹងថា ព្រះសង្ឈព្រះនាម ស៊ុមសាក់ ស៊ុងវ៉ារ៉ាចិត្តតូ បានមានសង្ឃដីកាថា ព្រះអង្គនឹងយកប្រាសាទអង្គវត្ត និង ប្រាសាទអង្គរធំ មកដាក់នៅក្នុងទឹកដីថៃ។
ចំណែកវីដេអូទី២វិញ បុរសជនជាតិថៃម្នាក់ ដែលកំពុងស្ថិតនៅក្នុងទីតាំងសាងសង់នោះ ក៏បាននិយាយយ៉ាងច្បាស់ៗថា នេះគឺជាកន្លែងសាងសង់ប្រាសាទអង្គរវត្តចម្លងមកពីប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង