ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា នៅតែ៦ថ្ងៃទៀតប៉ុណ្ណោះ គឺនៅខែមេសា ២០១៨ ខាងមុខនេះ ប្រាក់ខែមន្ត្រីរាជការ និងលោកគ្រូអ្នកគ្រូ នឹងទទួលបានការតម្លើងប្រាក់ខែ ដែលត្រូវបើកមុនចូលឆ្នាំខ្មែរ ហើយបូកថែមប្រាក់ ៥ម៉ឺនរៀលទៀត។
នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រីយ៍របស់កម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ រាជធានីភ្នំពេញសរុបប្រមាណ ៣,៨៣៩នាក់ នៅសាលមហោស្រពកោះពេជ្រ។
ពិធីជួបសំណេះសំណាលនេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយជោគជ័យកន្លងមក។ ពិធីនេះគឺជាការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបុគ្គលិកអប់រំ បន្ថែមពីលើការងារជាច្រើនដូចជាការបង្កើនប្រាក់បៀវត្សរ៍ទៀងទាត់ និងការធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំដើម្បីអោយកាន់តែមានគុណភាពប្រសើរឡើង។
សម្តេចតេជោ បានថ្លែងថា ទន្ទឹមនឹងការរីកចម្រើន ក៏យើងត្រូវទទួលស្គាល់អំពីស្ថានភាពពិតអំពីការលំបាកទាំងឡាយដែលយើងបានឆ្លងកាត់ឆ្ពោះមករកភាពងាយស្រួលនិងល្អប្រសើរដូចសព្វថ្ងៃ។ សន្ទុះនៃវឌ្ឍនៈភាពកម្ពុជាបច្ចុប្បន្ន គឺមិគួរអោយជឿ។ សន្តិភាព និងគ្រប់អ្វីៗដែលបានមកដោយលំបាកបំផុតនោះ គឺយើងត្រូវខិតខំចូលរួមថែរក្សាការពារអោយបានគង់វង្សបំផុត ទោះបីដោយតម្លៃណាក៏ដោយ។
ជាក់ស្តែង គឺយើងអាចមើលប្រទេសម៉ាលីស្រាប់ ដែលនៅឆ្នាំ ១៩៩៣ គឺបានបញ្ជូនកងទ័ព និងអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា ប៉ុន្តែពេលបច្ចុប្បន្ននេះ ប្រទេសម៉ាលីមានស្ថានភាពដូចកម្ពុជានៅឆ្នាំ ១៩៨០ ។ នេះដោយសារប្រទេសគ្មានសន្តិភាព។
គណបក្សប្រជាជន គឺបាននាំមកនូវជោគជ័យដ៏ធំធេងបំផុតសម្រាប់កម្ពុជា ដែលមានការចូលរួមពីមន្ត្រីបក្ស និងសមាជិកបក្សគ្រប់ៗរូប។ យើងទាំងអស់គ្នាក៏បានដឹងច្បាស់ណាស់ថា “គណបក្សប្រជាជន គឺជាគន្លឹះ”នៃសន្តិភាព និងការអភិវឌ្ឍ។
អរគុណបងប្អូនជនរួមជាតិ និងសមាជិកសមាជិការគណបក្សទាំងអស់ដែលបានគាំទ្រ និងបោះឆ្នោតអោយតែ “គណបក្សប្រជាជនកម្ពុជា” ដើម្បីដឹកនាំកសាងប្រទេសជាបន្តទៀត ជាពិសេសនៅថ្ងៃបោះឆ្នោត ទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ សូមជូនពរមន្ត្រីរាជការ និង លោកគ្រូអ្នកគ្រូទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន៕ ដោយ៖បញ្ញាស័ក្តិ