ភ្នំពេញ ៖ ទាក់ទិននឹងការឡើងថ្លៃប្រេងឥន្ធនៈ ដែលប៉ុន្មានថ្ងៃនេះក្នុង១លីត្រ តម្លៃ ៤១០០រៀល (សាំងធម្មតា) និងម៉ាស៊ូតតម្លៃ ៣៦៥០រៀល ដែលតម្លៃនេះ បង្កើតនូវចម្ងល់ដល់បងប្អូនប្រជាពលរដ្ឋ, នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការឡើងថ្លៃតម្លៃប្រេងនេះ គឺដោយសារតែតម្លៃប្រេង នៅលើទីផ្សារពិភពលោក មានការឡើងថ្លៃ ហើយមានតម្រូវការច្រើន។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា «តម្លៃប្រេងឆៅអន្ដរជាតិក្នុងមួយរយៈនេះ ជាពិសេសនៅក្នុងមិថុនា និងកក្កដា មានការកើនឡើង»។ ការកើនឡើងតម្លៃប្រេងនេះ ដោយសារតែក្រុមប្រទេស OPEC បានកាត់បន្ថយការផលិតកម្មប្រេង ហើយប្រភពធំៗ២ ដែលនាំចេញប្រេងឆៅ គឺប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាបរួម ក៏បានកាត់បន្ថយ ការផលិតប្រេងរបស់ខ្លួនផងដែរ ដូច្នេះហើយធ្វើឲ្យលំហូរប្រេងត្រូវបានកាត់បន្ថយកំណើន។
សូមបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ គឺកម្ពុជានៅទិញប្រេងដែលចម្រាញ់រួចពីប្រទេសសិង្ហបុរី និងពីប្រភពផ្សេងៗ ហើយប្រេងដែលកម្ពុជាទិញ គឺផ្អែកទៅលើការឡើងចុះ នៃតម្លៃប្រេងឆៅនៅអន្ដរជាតិនេះឯង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN




