Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​មក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ក្នុង​ខែ​មេសា​

spot_img

​ភ្នំពេញ ​៖​ ប្រមុខ​ការទូត​កម្ពុជា បាន​ថ្លែងថា លោក Taro Kono រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​មក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ក្នុង​ខែ​មេសា​ខាង​មុខ​នេះ ដែល​នឹង​ជា​រួម​ចំណែក​ដ៏​សំខាន់​មួយទៀត ក្នុង​ការលើកស្ទួយ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​កម្ពុជា​និង​ជប៉ុន​។​

​នេះ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ជុំវិញ​លទ្ធផល​នៃ​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ក​ងារ​ងារ រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក Kentaro Sonoura ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​បញ្ជាក់ថា អាទិភាព​សំខាន់​របស់​កម្ពុជា គឺ​ការរក្សា​ឲ្យបាន​នូវ​សន្តិភាព ស្ថិរភាព​ដែល​ជា​លក្ខខណ្ឌ​ចម្បង និង​ចាំបាច់​មិន​អាច​ខ្វះ​បាន សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធមនុស្ស​។​

​ក្នុងជំនួប​នោះ លោក ប្រាក់ សុខុន បាន​បកស្រាយ​លម្អិត​ជម្រាបជូន លោក Kentaro Sonoura អំពី​សភាពការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា និង​បាន​គូសបញ្ជាក់​ច្បាស់​ថា ការចាត់វិធានកា​ររ​បស់​ស្ថាប័ន​នីតិប្បញ្ញត្តិ ប្រតិបត្តិ និង​តុលាការ​កន្លងមក គឺ​ផ្អែក​លើ​អង្គហេតុ​ច្បាស់លាស់ និង​ច្បាប់​ជា​ធរមាន​នានា​របស់​កម្ពុជា ក្នុង​គោលដៅ​ទប់ស្កាត់​ការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៅ​កម្ពុជា តាម​វិធី​មិន​ប្រជាធិបតេយ្យ ពង្រឹង​នីតិរដ្ឋ ការពារ​ឯករាជ្យ និង​អធិបតេយ្យ ប្រឆាំង​ការជ្រៀតជ្រែក​របស់​បរ​ទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ហើយ​នឹង​ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព ដែល​កម្ពុជា​ទទួលបាន​ដោយ​ការតស៊ូ​ដ៏​លំបាក​វេទនា​ខ្លាំងក្លា​បំផុត​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្រាប់​ជំនួយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​ជប៉ុន ចំពោះ​ដំណើរការ​សន្តិភាព ក៏ដូចជា​ដំណើរការ​ស្តារ​និង​កសាង​កម្ពុជា​ឡើង​វិញ ហើយ​បាន​គូសបញ្ជាក់ថា​ជំនួយ​របស់​ជប៉ុន​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ច​អភិវឌ្ឍ​កម្ពុជា​។​

​លោក Kentaro Sonoura ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ថ្លែង​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ជ​ប៉ុន​ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា ហើយ​លោក​ក៏​បាន​លើក​ឡើង​ចំពោះ​ការត្រៀម​លក្ខណៈ​របស់​ប្រទេស​ទាំង​ពីរ ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត ក៏​ដូច​ជា​ការ​ត្រៀម​រៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន មក​កាន់​កម្ពុជា​។​

​នៅក្នុង​ជំនួប​នោះ លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ធ្វើ​ការបកស្រាយ​លម្អិត​ជម្រាប​លោក​ទីប្រឹក្សា អំពី​សភាពការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា និង​បាន​គូសបញ្ជាក់​ច្បាស់​ថា​ការចាត់វិធានការ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ ប្រតិបត្តិ និង​តុលាការ កន្លងមក គឺ​ផ្អែក​លើ​អង្គហេតុ​ច្បាស់លាស់ និង​ច្បាប់​ជា​ធរមាន​នានា​របស់​កម្ពុជា ក្នុង​គោលដៅ​ទប់ស្កាត់​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ នៅ​កម្ពុជា តាម​វិធី​មិន​ប្រជាធិបតេយ្យ ពង្រឹង​នីតិរដ្ឋ ការពារ​ឯករាជ្យ និង​អធិបតេយ្យ ប្រឆាំង​ការជ្រៀតជ្រែក​របស់​បរ​ទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ហើយ​និង​ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព ដែល​កម្ពុជា​ទទួលបាន​ដោយ​ការតស៊ូ​ដ៏​លំបាក​វេទនា​ខ្លាំងក្លា​បំផុត​។ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កន្លងមក​កម្ពុជា​បាន​ផ្តល់​នូវ​ការបកស្រាយ​យ៉ាង​ច្បាស់លាស់​អំពី​បញ្ហា​ទាំងអស់នេះ ជូន​ទៅ​សហគមន៍​អន្តរជាតិ តែ​អ្វី​ដែល​ជា​ការលំបាក​សម្រាប់​កម្ពុជា ដែល​ជា​ប្រទេស​តូច​មួយ គឺ​លទ្ធភាព​នៃ​ការ​យក​ឈ្នះ​ទៅលើ​ឥទ្ធិពល​នៃ​ក្បាល​ម៉ាស៊ីនឃោសនា ដ៏​ខ្លាំងក្លា​ដែល​នៅ​ពី​ក្រោយ​យុទ្ធនាការ​ប្រឆាំង​កម្ពុជា តាមរយៈ​ការឃោសនា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​កម្ពុជា ដែល​ការឃោសនា​នេះ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង និង​បាន​បង្ក​ការយល់​ខុសឆ្គង​ចំពោះ​សភាពការណ៍​ជាក់ស្តែង​នៅ​កម្ពុជា​។​
​លោក Kentaro Sonoura ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​គូសបញ្ជាក់​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន គោរព​កិច្ចការ​ផ្ទៃក្នុង និង​ច្បាប់​របស់​កម្ពុជា ចង់​ឃើញ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​អន្តរជាតិ ហើយ​ទន្ទឹមនឹងនោះ ចង់​ឃើញ​កម្ពុជា​រក្សាបាន​នូវ​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​ដែល​កម្ពុជា​រក្សា​បាន​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×