ប្រិយមិត្តជាច្រើននៅក្នុងបណ្តាញសង្គម ពិតជាបានស្គាល់ច្បាស់ហើយពីឈ្មោះ អាជី ឬ (Ah Gi Leader) ដែលជាអ្នកលក់ឡេតាមអនឡាញដ៏មានប្រជាប្រិយភាព និងសព្វថ្ងៃនេះ កំពុងតែប្រកបអាជីវកម្មលក់គ្រឿងក្រអូប បោះដុំ និងរាយនាំមកពីប្រទេសថៃ។ ប៉ុន្តែ មួយរយៈពេលប៉ុន្មានខែមុននេះ អាជី បានជួបរឿងធំមួយស្ទើរងើបមុខមិនរួច បន្ទាប់ពីមហាជនភាគច្រើន នាំគ្នារិះគន់យ៉ាងចាស់ៗដៃ ព្រោះតែដោយសារថតសម្តែងរឿង “ទុំទាវ ២០២១” បែបកំប្លែង យកសាសនាមកលេងសើច រហូតក្រសួងវប្បធម៌កោះហៅយកដុសក្អែល ទាំងបងនិងប្អូន ឡើងផ្អើលកក្រើកតែម្តង។
តែយ៉ាងណា ក្រោយពីរឿងរ៉ាវនេះបានស្ងប់ស្ងាត់អស់មួយរយៈពេលធំមក ក៏ស្រាប់តែកាលពីពេលកន្លងទៅថ្មីៗនេះ ប្អូនស្រី អាជី ឈ្មោះអាមុី បានលេចមុខភ្ជាប់ពាក្យជាមួយគូស្នេហ៍ ដែលទទួលបានថ្លៃបណ្តាការ រហូតដល់ ៩៩៩៩៩ ដុល្លារ (ស្មើរនិង ៤០០ ០០០ ០០០ រៀល) និងចិញ្ចៀនពេជ្រ ២០ មុឺនដុល្លារ ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះថានេះជាទំហំថ្លៃបណ្តាការដ៏មិនធម្មតា ដែលមនុស្សធម្មតាមិនអាចធ្វើបាន។
ពិតណាស់ នៅក្នុងអំឡុងពេលនៃពិធីភ្ជាប់ពាក្យប្អូនស្រីរបស់ខ្លួន អាជី ក៏បានបង្ហាញមុខគូស្នេហ៍របស់ខ្លួន ឲ្យមហាជនបានឃើញផងដែរ និងបន្ទាប់មក ក៏បានបង្ហោះសារជិតដល់វេនខ្លួនដែរហើយយ៉ាងដូច្នេះថា «ខ្ញុំសំរេចចិត្តយកប្ដីហេីយជួបគ្នាថ្ងៃទី23 ខែ7នេះក្នុងកម្មវិធីភ្ជាប់ពាក្យ អៀនណាស់»។
ដូចតាមការកំណត់ទុកមុន នៅព្រឹកថ្ងៃទី២២ ខែកក្កដា នេះ អ្នកលក់ឡេ អាជី ក៏បានបង្ហាញឲ្យឃើញតាមរយៈវីដេអូ Live កំពុងភ្ជាប់ពាក្យជាមួយនិងគូស្នេហ៍របស់ខ្លួន បន្ទាប់ពីអ្នកទាំងពីរបានមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយមានការចូលរួមដឹងឮពីសំណាក់គ្រួសារ និងសាច់ញាតិទាំងសងខាង។ រីឯចំណែកថ្លៃទឹកដោះវិញ ត្រូវបានដឹងថាគឺមានចំនួនរហូតដសល់ «ដប់ពីរមុឺនប្រាំពាន់ដុល្លារ» ឯណោះ។
ជាមួយគ្នានេះផងដែរ ឃើញថា អាជី ពិតជារំភើបខ្លាំងណាស់ ដោយបានឆ្លៀតសំពះផ្ទឹមបណ្តើរ Live បណ្តើរ ដើម្បីឲ្យហ្វេនៗបានឃើញពីពិធីភ្ជាប់ពាក្យរបស់ខ្លួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង