ខ្សែជីវិតមនុស្សម្នាក់ៗ គឺតែងមានប្រវត្តិសប្បាយ កំសត់ ជូរចត់ ដូចៗតែគ្នាហ្នឹង ដោយក្នុងនោះ អ្នកខ្លះក៏ធ្លាប់ជាកម្មករសំណង់ រត់ម៉ូតូឌុប និងការងារសុីឈ្នួលគេផ្សេងៗទៀត ជាដើម។ តែយ៉ាងណា ខ្សែជីវិតទាំងនេះ គឺមិនមែនស្ថិតនៅជាប់ជារៀងរហូតនោះទេ ដោយអ្នកខ្លះមានការតស៊ូ និងបូករួមគំនិតប្រាថ្ញាវៃឆ្លាតផងនោះ ក៏បានវិវត្តន៍ខ្លួនពីអ្នកធ្លាប់រត់ម៉ូតូឌុប ក្លាយជាឧកញ៉ាក៏មានដែរ។
តួយ៉ាងដូចជាតារាចម្រៀង ខាន់ ជែមស៍ ជាដើម ដែលពីកាលពី ២០ ឆ្នាំ មុន លោកធ្លាប់មានជីវិតដ៏កម្សត់កម្រ រហូតទៅធ្វើកម្មករចុះទូកនៅឯប្រទេសថៃ ប៉ុន្តែ មិននឹកស្មានថា លោកបានក្លាយជាអ្នកចម្រៀងដ៏ល្បីឈ្មោះនៅក្នុងប្រទេស និងសព្វថ្ងៃនេះ ក៏ត្រូវបានដឹងថាជាអ្នកជំនួញដ៏ជោគជ័យម្នាក់ផងដែរ។
ជាក់ស្តែង ថ្មីៗនេះ លោក ខាន់ ជែមស៍ បានទម្លាយចេញពីប្រវត្តិជីវិតដ៏កម្រត់របស់ខ្លួន នៅលើបណ្តាញសង្គម ដើម្បីឲ្យបងប្អូនមហាជនបានដឹងថា កាលពីឆ្នាំ១៩៩៨ លោកបានទៅធ្វើការជាកម្មករចុះទូក នៅក្នុងប្រទេសថៃ។ ហើយបន្ទាប់មក នៅឆ្នាំ២០០២ លោកបានក្លាយជាអ្នកចំរៀងប្រចាំនៅបៀរហ្គាឌិន និងមានវាសនាបានក្លាយជាតារាចំរៀងល្បីនៅឆ្នាំ២០០៧។ ដោយឡែក សម្រាប់ឆ្នាំ២០២១ នេះ លោកគឺនៅតែជាចំរៀងដដែល និងជាសហគ្រិនម្នាក់ផងដែរ។
លោកបន្តថា លោកពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់ មិនថាពីមុនលោកជាអ្វីនោះទេ តែសូមឱ្យយើងមានក្តីស្រមៃឱ្យធំ និងមានការខិតខំប្រឹងប្រែងតស៊ូយ៉ាងពិតប្រាកដ ថ្ងៃណាមួយ យើងនឹងជោគជ័យ ជាក់មិនខានឡើយ សូមស៊ូៗឡើងទាំងអស់គ្នា!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង