កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ មានហេតុការណ៍ដ៏គួរឲ្យស្លុតចិត្តមួយ បានកើតឡើងនៅត្រង់ចំនុចលើស្ពានមិត្តភាពកម្ពុជា ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានបុរសវ័យក្មេងម្នាក់ មិនដឹងជាមានវិបត្តិរឿងអ្វី បានសម្រេចចិត្តមកលោតទឹកពីលើស្ពានបញ្ចប់ជីវិត ដោយបន្សល់ទុកនៅកន្លែងកើតហេតុ ម៉ូតូ Zoomer X ១គ្រឿង ស្បែកជើង១គូ គ្រឿងអលង្ការ និងព្រមទាំងលុយមួយចំនួនផងដែរ។
រហូតមកទល់ពេលនេះ សពបុរសគិតខ្លីខាងលើ ដែលមានឈ្មោះ ស៊ីម ភារុន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅពុំទាន់រកឃើញនោះទេ ខណៈមូលហេតុដែលនាំឲ្យរូបគេមកលោតទឹកបញ្ចប់ជីវិតបែបនេះ ក៏នៅមិនទាន់ដឹងច្បាស់នៅឡើយ។
តែដោយឡែក បើតាមបុរសម្នាក់ឈ្មោះ អៀង ប៊ុនថេង ដែលត្រូវជាបងប្អូនជីដូនមួយ និងក៏ជាអ្នកធ្វើការជាងសំណង់នៅការដ្ឋានចិន ក្រុមហ៊ុនអគ្គីសនីកម្ពុជា ជាមួយគ្នា ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារដែលទើបរៀបការថ្មីថ្មោង អស់រយៈពេលជាង៣ខែ មកហើយៗ នៅថ្ងៃកើតហេតុ រូបគេក៏បានផ្ញើសារទៅកាន់គ្រប់គ្នានៅលើបណ្តាញសង្គម រៀបរាប់យ៉ាងខ្លីថា «អហោសកម្មឲ្យខ្ញុំផង»។
បងប្អូនជីីដូនមួយនោះ បានបន្តថា បន្ទាប់ពីបង្ហោះសារនេះរួច ស្រាប់តែទូរស័ព្ទទាក់ទងលែងបាន និងបាត់មនុស្សតែម្តង ហើយរហូតមកដល់ពេលល្ងាច ទើបគ្រប់គ្នាទទួលដំណឹងថា រូបគេបានជិះម៉ូតូទៅលោតទឹកស្ពានសម្លាប់ខ្លួនបាត់ទៅហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង