ភ្នំពេញ ៖ សមាគមអគ្គលេខាធិការសភា ដែលមានឈ្មោះជាភាសាអង់គ្លេសថាThe Association of Secretaries General of Parliaments (ASGP) បានបើកកិច្ចប្រជុំរបស់ខ្លួនរយៈពេលបីថ្ងៃ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៥។
លោក ស្រ៊ុន តារា អគ្គលេខាធិការរងរដ្ឋសភាកម្ពុជា បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាមួយចំនួន ទៅចូលរួមកិច្ចប្រជុំនោះដែរ។
មានប្រធានបទសំខាន់ៗចំនួន៥ ត្រូវបានលើកមកជជែកនៅក្នុងកិច្ចប្រជុំ ASGP ក្នុងរយៈពេល៣ថ្ងៃនេះ។ ប្រធានបទទាំង៥នោះមាន ទី១-ផលប៉ះពាល់ផ្នែកសតិអារម្មណ៍ទៅលើសភាជាសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ស្តីពីការចាកចេញពីសហគមអឺរ៉ុបរបស់អង់គ្លេស ។ ទី២-នីតិវិធីដំណើរការនៅក្នុងព្រឹទ្ធសភាអេស្បាញ ពាក់ព័ន្ធមាត្រា ១៥៥.១ នៃរដ្ឋធម្មនុញ្ញ ស្តីពីសហគម Catalonia ។ ទី៣-ការដាក់ឲ្យអនុវត្ត នូវនីតិវិធីបំពេញការងាររបស់ប្រធានាធិបតីតួកគី នៅឆ្នាំ២០១៩ ។ ទី៤-ការបង្កើតរដ្ឋាភិបាលនៅក្នុងប្រទេសប្រជាធិបតេយ្យពហុបក្ស ។
ចំណែកប្រធានបទទី៥ គឺការពិភាក្សាទូទៅ។ កិច្ចពិភាក្សាលើបញ្ហាទូទៅនេះ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលជាមួយសភាអំពីផែនការ និងការរៀបចំកម្មវិធីការងារសភា និងការជំទាស់ទៅនឹងទស្សនៈរបស់សភា។ ការពិចារណាផ្នែកក្រមសីលធម៌នៅក្នុងសេវាសាធារណៈ។ តួនាទីរបស់សភានៅក្នុងការរៀបចំសមាសភាព និងការបង្កើតរដ្ឋាភិបាល។ ការត្រួតពិនិត្យរដ្ឋាភិបាលដោយសភា៕ ដោយ ៖ បញ្ញាស័ក្តិ