កាលពីកន្លះឆ្នាំមុន មហាជនប្រហែលជានៅចាំមិនទាន់ភ្លេចទេ ទាក់ទងរឿងមួយបង្កឲ្យផ្ទុះការភ្ញាក់ផ្អើលកក្រើកតែម្តង នោះគឺមានព្រះសង្ឃមួយអង្គ ដែលមានរូបរាងសង្ហា សាច់ដុំកង់ៗ បានបង្ហោះរូបថតជាច្រើនសន្លឹកជាបន្តបន្ទាប់ បង្អួតរាង សាច់ដុំ អមជាមួយទេសភាពដ៏ទាក់ទាញ ប្រៀបដូចជាតារា ខណៈខ្លួនជាព្រះសង្ឃ ហើយកាលនោះ មហាជនក៏មិនជឿថា ជាព្រះសង្ឃខ្មែរនោះដែរ។
ពិតណាស់ ក្រោយរឿងនេះបានផ្ទុះការវែកញែក រិះគន់ឡើងកក្រើក ក្រសួងក៏បានចេញសេចក្តីប្រកាសចាត់វិធានការចំពោះសង្ឃរូបនេះ ដែលត្រូវបានស្គាល់មានឈ្មោះថា ថៃ ចាន់ឡី។ ហើយចាប់ពីពេលនោះមក ឃើញថា សង្ឃ ថៃ ចាន់ឡី ក៏មិនសូវបង្ហោះរូបថតអួតសាច់ដុំកង់ៗទៀតនោះទេ ដែលនេះក៏មកពីលោកសង្ឃ ចាន់ឡី មិនចង់មានបញ្ហា និងកាន់តែធ្វើឲ្យមហាជនរិះគន់មកលើខ្លួនទៀត។
ក្រោយស្ងាត់ អស់រយៈពេលប៉ុន្មានក្រោយមក សង្ឃ ថៃ ចាន់ឡី ក៏បានលាចាកពីសិក្ខាបទហើយ ដែលធ្វើឡើងនៅចំថ្ងៃកំណើតរបស់ខ្លួន បន្ទាប់ពីបានសាងភ្នួសអស់រយៈពេលជាច្រើនព្រះវស្សាមក។
តែដោយឡែក ថ្មីៗនេះ អន្ទិត ថៃ ចាន់ឡី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាថ្មី ក្រោយបានបង្ហើបប្រាប់អ្នកគាំទ្ររបស់ខ្លួនឲ្យដឹងថា លោកត្រូវបានគេអញ្ចើញទៅថតកុនក្នុងខ្សែភាពយន្តខ្មែរមួយ ហើយរឿងនោះ នឹងចេញផ្សាយនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គម អន្ទិត ថៃ ចាន់ឡី បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖ «ចំណេះដឹង គុណធម៏ ការងារ សុខភាព ទាំងអស់នេះគឺជាលម្អនៃភាពស្រល់សង្ហារបស់មនុស្សប្រុស។ ជួបគ្នាឆាប់ៗក្នុងរឿង (កែវភ្នែកម៉ែ)នៅ បុរី ភូមិបាគង ខេត្តសៀមរាប»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង