Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានរដ្ឋសភា​ម៉ារ៉ុក គ្រោង​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ក្នុងពេល ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ APPF ដើមឆ្នាំ​២០១៩

spot_img

​​ភ្នំពេញ ​៖ សភា​ប្រទេស​ម៉ារ៉ុក បាន​បង្ហាញ​ពី​ឆន្ទៈ​ជា​ផ្លូវការ​មុនគេ នៅ​ក្នុង​ការចូលរួម​កិច្ចប្រជុំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា APPF ដែល​សភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ដើមឆ្នាំ​២០១៩​ខាងមុខនេះ​។ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋសភា នៅ​វិមាន​រដ្ឋ​សភា នា ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ លោក អាប់​ឌឺ​លី​ឡាស់ អែល ហ៊ូ​ស​នី (Abdelilah EL Housni) ឯកអគ្គរាជទូត ព្រះរាជាណាចក្រ​ម៉ារ៉ុក ប្រចាំ​នៅ​កម្ពុជា បាន​ស្នើសុំ​ដល់​រដ្ឋ​សភា​កម្ពុជា ចេញ​លិខិត​អញ្ជើញ​ជា​ផ្លូវការ ចំពោះ​ប្រធាន​រដ្ឋសភា​ម៉ារ៉ុក ក្នុង​ការចូលរួម កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ APPF លើក​ទី​២៧ នាពេល​ខាងមុខ​នេះ​។​

​លោក ឯកអគ្គរាជទូត​បាន​បញ្ជាក់ថា ប្រធានរដ្ឋសភា​ម៉ារ៉ុក ត្រៀម​ដឹកនាំ​គណៈប្រតិភូ​សភា​មក​ចូលរួម​កិច្ចប្រជុំ​នោះ ហើយ​នឹង​ភ្ជាប់​ជាមួយ​ដំណើរ ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព នៅ​កម្ពុជា​តែម្តង នៅ​ដើមឆ្នាំ​២០១៩​នោះ​។ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ លោក អាប់​ឌឺ​លី​ឡាស់ អែល ហ៊ូ​ស​នី បានលើកឡើង​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ព្រះមហាក្សត្រ​កម្ពុជា និង​ព្រះមហាក្សត្រ​ម៉ារ៉ុក ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៃ​ប្រទេស ទាំងពីរ​។ ជាពិសេស​លោក បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ទៅ​កាន់​ព្រះរាជាណាចក្រ​ម៉ារ៉ុក កាលពី​ឆ្នាំ​២០១៤ បាន​ធ្វើឲ្យ​ទំនាក់ទំនង​មិត្តភាព និង​ចំណង​ការទូត​ដ៏​ល្អ​នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​ស្រាប់​កាន់តែ​រឹងមាំ​ឡើង​។​

​បន្ថែម​ពី​សំណូមពរ​ខាងលើ លោក អាប់​ឌឺ​លី​ឡាស់ អែល ហ៊ូ​ស​នី ក៏​ស្នើ​ដល់​រដ្ឋ​សភា​កម្ពុជា ជួយ​គាំទ្រ​ប្រទេស​ម៉ារ៉ុក​ជា​ភ្ញៀវ​នៅ​ក្នុង​មហាសន្និបាត ប្រចាំឆ្នាំ​អន្តរ​សភា​អាស៊ាន​(AIPA)​ផងដែរ​។ លោក ឯកអគ្គរាជទូត បាន​លើកឡើង​ថា AIPA នឹង​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ខ្លួន​នៅ​ខែ​កញ្ញា ខាងមុខនេះ ដែល​ប្រទេស​សឹង្ហ​បុរី​ធ្វើជា​ម្ចាស់ផ្ទះ​។ ដូច្នេះ​ម៉ារ៉ុក​ស្នើសុំ​ដល់​សភា​កម្ពុជា​ជួយ​គាំទ្រ ដើម្បីឲ្យ​AIPA​អញ្ជើញ​ម៉ារ៉ុក​ចូលរួ​មមហាសន្និបាត​នោះ ក្នុងឋានៈ​ជា​ភ្ញៀវ​មិនមែនជា​ប្រទេស​សង្កេតការណ៍​ទេ​។​

​លោក បណ្ឌិត ងួន ញ៉ិល បាន​ស្វាគមន៍​ចំពោះ​ការលើកឡើង​របស់​លោក ឯកអគ្គរាជទូត ពី​ចំណង​មិត្តភាព​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ម៉ារ៉ុក​។ ចំពោះ​សំណើ​ទាំងពីរ​ខាង​លើ​របស់​ប្រទេស​ម៉ារ៉ុក សភា​កម្ពុជា​ទទួល​យក​ដោយ លោក បណ្ឌិត​បាន​គូសបញ្ជាក់ថា នឹង​ពាំនាំ​សំណើ​នេះ ទៅ​ជម្រាប ជូន​សម្តេច​ប្រធានរដ្ឋសភា​។​

​លោក អនុប្រធាន​ទី​២​រដ្ឋសភា បាន​លើកឡើង​ថា សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​មាន​មោទនភាព​យ៉ាង​ក្រៃលែង ចំពោះ​វត្តមាន​ចូលរួម​ពី​បណ្តា​ប្រទេស​ជា​មិត្ត​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នា​ដើមឆ្នាំ​២០១៩​នោះ​។​

​សូមជម្រាបថា សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ប្រឆាំ្ន​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅក្នុង​ខែ​មករា ឆ្នាំ​២០១៩ នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប​។ បច្ចុប្បន្ននេះ សភា​កម្ពុជា​បាន​កំពុង​ត្រៀម​រៀបចំ​ការងារ​សំខាន់ៗ​មួយចំនួន សម្រាប់​ដំណើរការ​កិច្ចប្រជុំ​នោះ ដូចជា ការងារ​ឯកសារ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ជា​ដើម​។ ដោយឡែក​ចំពោះ​ការ​ចេញ​លិខិត​អញ្ជើញ​បណ្តា​ប្រទេស​នានា​មក​ចូលរួម​កិច្ចប្រជុំ​នេះ នៅ​មិនទាន់​ដល់ ពេល​នោះ​ទេ​។ ការស្នើសុំ​របស់​ប្រទេស​ម៉ារ៉ុក​នាពេលនេះ គឺជា​សំណើ​ទី​១ នៃ​ប្រទេស​ជា​មិត្ត​កម្ពុជា ដែល​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការចូលរួម​កិច្ចប្រជុំ APPF ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×