Thursday, January 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើបេះដូងអ្នកសាងពីអ្វី! កូនស្រីយកឪពុកអាយុ៨០ឆ្នាំ ឆ្លងកូវីដ មកទម្លាក់ចោលក្បែរវត្ត ទុកឲ្យព្រះសង្ឃមើល

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាពោរពេញដោយកំហឹងឈឺចាប់យ៉ាងខ្លាំង ចំពោះទង្វើដ៏អាក្រក់មិននឹកស្មានដល់ទាល់តែសោះ របស់កូនស្រីម្នាក់ ដែលបានបើកឡានដឹកឪពុករបស់ខ្លួនអាយុ ៨០ ឆ្នាំ ឆ្លងជំងឺកូវីដ មកផ្លុងចោលក្បែរវត្តអារាមមួយកន្លែង ក្នុងខេត្ត Nakhon Ratchasima ដែលធ្វើឲ្យព្រះសង្ឃក្នុងវត្តទាំងអស់ មានការព្រួយបារម្ភពីហានិភ័យជាខ្លាំង ខណៈលោកតាជាឪពុកនោះ គាត់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដ៏គួរឲ្យអាសូរ។

ជាមួយនឹងទង្វើដ៏អកត្តញូរបស់កូនស្រីរូបនេះ លោកគ្រូពេទ្យមកពីមន្ទីរពេទ្យ Bua Yai បានបង្ហោះរូបភាព ដោយភ្ជាប់សារគួរឲ្យឈឺចាប់ថា៖ «បើកឡានយកឪពុកឆ្លងជំងឺកូវីដ១៩ មកផ្លុងចោលនៅឯវត្ត។ តើបេះដូងរបស់នាងសាងអំពីអ្វីទៅ! នរកណាស់។ សូមទោស ចំពោះការប្រើសម្តីបែបនេះ ប៉ុន្តែ ខ្ញុំមិនអាចទទួលយកបាននោះទេ ឃើញបែបនេះ ខ្ញុំខ្លោចផ្សាក្នុងចិត្តខ្លាំងណាស់!»។

ព្រះសង្ឃមួយអង្គគង់នៅវត្ត Suan Thamma Sawadee បានមានសង្ឃដីកាឲ្យដឹងថា មានស្រ្តីម្នាក់ និងប្តីរបស់នាង បានមកប្រាប់ថា ឪពុករបស់ពួកគេចង់ស្នាក់នៅជាមួយព្រះសង្ឃ ហើយបន្ទាប់មក ក៏បានទាញឪពុករបស់នាងចេញពីរថយន្តយ៉ាងប្រញាប់ប្រញាល់ ជាមួយបង្វិចខោអាវរបស់គាត់ និងបានផ្តាំថា «មើលថែគាត់ផង ព្រះអង្គ» មុនពេលបើកឡានចាកចេញទៅវិញ។

ក្រោយទទួលដំណឹងនេះ លោកមេភូមិ ក៏បានចុះមកកន្លែងកើតហេតុ និងបានរកឃើញថា លោកតានោះ គាត់កំពុងដេកដួលនៅលើដងផ្លូវ ទាំងហាលភ្លៀង។ ឃើញបែបនេះ ពួកគេមិនអាចទុកឲ្យគាត់នៅតែឯងបែបនេះទេ ព្រោះគាត់នឹងស្លាប់។ ភ្លាមៗនោះ លោកមេភូមិក៏បានទាក់ទងទៅមន្រ្តីសុខាភិបាល ចុះមកពិនិត្យ ហើយក្រោយលទ្ធផលតេស្ត រកឃើញថាគាត់វិជ្ជមានកូវីដ១៩។ បន្ទាប់មក ពួកគេក៏បានដឹកយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ ស្ថិតក្នុងខេត្ត Khon Kaen ផងដែរ។

ដោយឡែក ព្រះសង្ឃទាំងអស់នៅក្នុងវត្ត នៅពេលនេះ គឺតម្រូវត្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។

តាមរយៈនេះផងដែរ លោកមេភូមិ ក៏បានផ្ញើសារទៅសាច់ញាតិរបស់អ្នកជំងឺ Covid-19 ទាំងអស់ ដោយស្នើសុំពួកគេកុំបោះបង់ចោលអ្នកជំងឺចោលបែបនេះ ព្រោះសកម្មភាពបែបនេះ នឹងបង្កឲ្យកាន់តែរីករាលដាលវីរុស និងបង្កបញ្ហាដល់ប្រជាជនក្នុងតំបន់កាន់តែធ្ងន់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×