អ្នកវិទ្យាសាស្ត្រអន្តរជាតិមួយក្រុមនៅសកលវិទ្យាល័យ Basel ប្រទេសស្វីស ទើបប្រកាសថា ពួកគេទើបរកឃើញប្រភេទប្រូតេអ៊ីនថ្មីមួយអាចប្រឆាំងតបនឹងជំងឺមហារីកមានឈ្មោះថា LHPP ។ វាពុំត្រឹមមានប្រសិទ្ធភាពក្នុងការគាបសង្កត់កោសិកាមហារីកថ្លើមដែលរីកដាលប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីជាសញ្ញាជីវសាស្ត្រមួយ ជួយដល់ការវិនិច្ឆ័យនិងប៉ាន់ប្រមាណអំពីកម្រិតនៃជំងឺដ៏កាចសាហាវនេះ។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើឲ្យដឹងថា បណ្តាដុំពកមហារីកថ្លើមច្រើនកកើតពីកោសិកាដែលរងការប្រែប្រួលហ្សែន ខណៈពេលដែលកោសិកាទាំងនេះ វិវឌ្ឍន៍ ហើយបរិមាណរបស់វាមានកំណើនដល់កម្រិតពុំអាចត្រួតត្រាបាន។
បណ្តាប្រូតេអ៊ីនប្រឆាំងមហារីក ដែលត្រូវបានរកឃើញមុននេះ អាចទប់ស្កាត់ការរីកចម្រើនហួសហេតុលើសកម្រិតធម្មតា ប៉ុន្តែប្រសិទ្ធភាពរបស់ពួកវា ច្រើនដើរអមជាមួយក្រោយពេលដែលកោសិកាទាំងនោះបានក្លាយទៅជាកោសិកាមហារីកទៅហើយ។
ចំពោះ LHPP វិញអ្នកវិទ្យាសាស្ត្រពិនិត្យឃើញថា កង្វះប្រូតេអ៊ីននេះ នឹងបណ្តាលឲ្យកោសិកាមហារីកថ្លើមលូតលាស់លឿនជាង ហើយដោយហេតុនេះឯងឱកាសសង្គ្រោះអ្នកជំងឺនឹងធ្លាក់ចុះ។
អ្នកដឹកនាំក្រុមស្រាវជ្រាវ Sravanth Hindupur ឲ្យដឹងថា LHPP ច្រើនមានក្នុងបណ្តាជាលិកានៃកោសិកាធម្មតា ប៉ុន្តែវាពុំមាននៅក្នុងជាលិកានៃកោសិកាមហារីកទេ ។ ដូច្នេះការបញ្ជូនព័ត៌មានតំណពូជឲ្យទៅ LHPP វាពិតជាអាចជួយទប់ស្កាត់ការលូតលាស់នៃដុំពកមហារីក ព្រមទាំងរក្សាបានមុខងារទាំងឡាយរបស់ថ្លើម ។
ក្រៅពីនោះកម្រិតធ្ងន់ធ្ងរនៃអ្នកជំងឺមហារីកថ្លើមនិងអាយុជាមធ្យមនៃអ្នកជំងឺមហារីកទាំងនេះ ក៏មានទាក់ទិនដល់បរិមាណរបស់ LHPP ។ នៅពេលពុំមានប្រូតេអ៊ីននេះ អ្នកជំងឺមហារីកថ្លើមត្រូវស្លាប់ក្នុងរយៈពេលជាមធ្យមឆាប់ជាង ២ឆ្នាំ ។ ហេតុនេះ LHPP មានសារៈប្រយោជន៍ដ៏សំខាន់ក្នុងការបែងចែកប្រភេទដុំពកមហារីក និងព្យាបាលជំងឺនេះ៕ ចន្ទ្រា