ដូចដែលប្រិយមិត្តបានដឹងហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រឿងរ៉ាវចៅម៉ែ បានកំពុងផ្ទុះល្បីខ្លាំង ខណៈអតីតកូនចៅជាសាខា និងក៏ដូចអតិថិជន ជាពិសេសបងប្អូនខ្មែររស់នៅអាមេរិក បានចេញមកទម្លាយជាបន្តបន្ទាប់ ទាក់ទងក្រុមហ៊ុនវិមានរតនា ឬហៅ ចៅម៉ែ រកស៊ីបោកប្រាស់ ដែលក្នុងនោះសូម្បីតែហុងស៊ុយក៏គ្មានស័ក្តិសិទ្ធស្អីនោះដែរ។
ជាក់ស្តែង បងស្រីម្នាក់នៅអាមេរិក ថ្មីៗនេះ បានចេញវីដេអូ រៀបរាប់ឲ្យដឹងថា វត្ថុមង្គល និងមេរៀនហុងស៊ុយ គឺគាត់បានទិញពីក្រុមហ៊ុនវិមានរចនា គិតជាទឹកសរុបអស់ ២៥០០ ដុល្លារ។ តែទោះជាយ៉ាងណា អ្វីៗដែល ចៅម៉ែ បានអះអាងថាជា «វត្ថុមង្គល» ស័ក្តិសិទ្ធ អាចហៅលុយ ហៅលាភ រកស៊ីមានបានលុយចូលឈឹបៗនោះ តែលទ្ធផលគ្មានបានអីនោះទេ គឺបានត្រឹមខាតបង់លុយ និងពេលវេលាប៉ុណ្ណោះ បន្ទាប់ពីគាត់បានខំរៀបចំហុងស៊ុយដាក់វត្ថុមង្គល ទៅតាមមេរៀនរបស់ ចៅម៉ែ។
គាត់ក៏បាននិយាយទាំងហួសចិត្តថា មិនដឹងថាហុងស៊ុយរបៀបម៉េចនោះទេ ព្រោះថា សូម្បីតែបូកដកធាតុខ្លួនឯងក៏បូកអត់ត្រូវដែរ។ ជាមួយគ្នានេះផងដែរ គាត់ក៏បានប្រកាសលក់ឡៃឡុង «វត្ថុមង្គល» និងមេរៀនហុងស៊ុយនេះចេញពីផ្ទះវិញ ក្នុងតម្លៃត្រឹម ៥០០ ដុល្លារ ប៉ុណ្ណោះ។ គាត់ក៏បានឲ្យដឹងទៀតថា ក្រៅពីប្រដាប់ប្រដាហុងស៊ុយ គឺគាត់នៅបានចំណាយលុយទិញជាច្រើនទៀត ពីក្រុមហ៊ុនវិមានរតនា របស់ ចៅម៉ែ នេះ។
តែយ៉ាងណា តាមរយៈបទពិសោធន៍មេរៀនជីវិតមួយនេះ បងស្រីរូបនេះ គាត់ក៏សូមឲ្យបងប្អូនខ្មែរដទៃទៀតដែលមិនទាន់លុងខ្លួន មុននឹងជឿអ្វីមួយ ត្រូវគិតពិចារណា កុំឆាប់ជឿគេពេក ព្រោះលុយ ១ពាន់ ២ពាន់ដុល្លារ គឺពិបាករកណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង