ដូចដែលបងប្អូនសាធារណជនបានទទួលជ្រាបហើយថា ករណីជំងឺកូវី១៩ នៅក្នុងប្រទេសកម្ពុជាយើង នាពេលនេះ គឺកំពុងស្ថិតក្នុងស្ថានភាពនៅតែធ្ងន់ធ្ងរ មិនខុសពីបណ្តាប្រទេសជិតខាងនោះទេ ពោលគឺនៅពេលនេះ នៅទូទាំងខេត្តក្រុងក្នុងប្រទេស ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកើនឡើងចំនួនឆ្លង និងស្លាប់ ពីជំងឺដ៏កាចសាហាាវមួយនេះជាបន្តបន្ទាប់។
ជាក់ស្តែង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ គឺមានអ្នកជំងឺកូវីដ១៩ វ័យចំណាស់ម្នាក់ នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានទទួលមរណភាពដោយសារជំងឺនេះ។ ហើយអ្វីដែលគួរឲ្យអាណោចអាធមខ្លាំងនោះ គឺសកម្មភាពដឹកសពរបស់អ្នកជំងឺ ទៅកាន់កន្លែងបូជា គឺពិតជាវេទនាយ៉ាងខ្លាំង ដោយត្រូវឆ្លងកាត់ផ្លូវលំបាកៗធ្វើឲ្យគ្រូពេទ្យចុះរុញឡានជាច្រើនកន្លែង និងទីបំផុត បង្ខំចិត្តលើកក្តារមឈូសចេញពីរថយន្ត ដឹកតាមម៉ូតូ យកទៅដល់កន្លែងបូជាតែម្តង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Chuon Phearet បានចែករំលែកពីករណីដ៏មិនធម្មតាមួយនេះឲ្យដឹងយ៉ាងដូច្នេះថា៖ «សពទី២៤ហើយសម្រាប់ខេត្តកោះកុងយើង ជួបឧបសគ្គបន្តិចផងដែរ សម្រាប់ការបូជាសពលើកទី១ របស់រដ្ឋបាលស្រុកបូទុមសាគរ ប៉ុន្តែថ្នាក់ដឹកនាំនៅតែអាចដោះស្រាយបញ្ហាទៅបានដោយរលូន។
អ៊ុំស្រី អិន ចិន អាយុ៧០ឆ្នាំ រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ទទួលមរណភាពកាលពីថ្ងៃទី១ ខែសីហា វេលាម៉ោង១១:០០នាទី។ សូមដួងវិញ្ញាណក្ខន្ធអ៊ុំស្រីបានទៅកាន់សុគតិភព!»៕ រក្សាសិទ្ធិដោយ៖ លឹម ហឹង









