Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ផ្តល់​អនុសាសន៍​សំខាន់ៗ​៥​ចំណុច ដើម្បី​បម្រើ​វិស័យ​សុខាភិបាល​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​

​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​អង្គារ៍ ទី​២៧ ខែ​មីនា ឆ្នាំ ២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បិទ​សន្និបាត​សុខាភិបាល ប្រចាំ​ឆ្នាំ​លើក​ទី​៣៩ ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ សូហ្វីតែ​ល​ភូគី​ត្រា រាជធានី​ភ្នំពេញ ។​

​ទិសដៅ​សំខាន់​នៃ​សន្និបាត​នេះ​គឺ​ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ស ម្រាប់ ឆ្នាំ​២០១៨ របស់​ក្រសួង​សុខាភិបាល និង​យុទ្ឋសាស្ត្រ​រៀបចំ​ផែនការអភិវឌ្ឍ​វិស័យ​សុខាភិបាល​អោយ​យមាន​ការរីកចម្រើន​ទៅមុខទៀត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល និង បាន​កោតសរសើរ​ចំពោះ​លទ្ធផល​នៃ​ការផ្តល់​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​នូវ​ភាព​រីកចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​កំពុង​បន្ត​ស្ថិតនៅ​លើ​ផ្លូវត្រូវ និង​វឌ្ឍនភាព​ល្អប្រសើរ​។ ជាមួយគ្នា​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ដល់​មន្ត្រី​សុខាភិបាល​ទូទាំង​ប្រទេស​ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​និង​កម្មវិធី​នានា​របស់​រាជរដ្ឋាភិបាល​ដែល​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ជាពិសេស​លទ្ធផល​នៃ​ការផ្តល់​សេវា​អប់រំ​សុខភាព ការពិនិត្យ​ព្យាបាល និង​ការថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ កម្មករ និយោជិត​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​សំ​ខាន់ៗ​៥​ចំណុច​ដល់​អង្គសន្និបាត​ទាំងមូល​ដើម្បី​បម្រើ​វិស័យ​សុខាភិបាល​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​រួមមាន​៖

១)​ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​សមត្ថភាព​ស្ថាប័ន​សុខាភិបាល​ទាំង​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​គ្រប់​ប្រភេទ និង​មន្ទីរពេទ្យ​នានា​ដើម្បី​ឲ្យមាន​គុណភាព​ខ្ពស់​។ លើកកម្ពស់​អប់រំ​សតិអារម្មណ៍ មន្ត្រី​បុគ្គលិក សុខាភិបាល ប្រតិបត្តិ​ល្អ​តាម​ក្រម​សី​លធ​ម៍​វិជ្ជាជីវៈ និង​ឥរិយាបទ​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ​។​

២)​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ផ្នែក​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល​តាម​នីតិវិធី​អនុវត្ត​ការងារ និង​ប្រព័ន្ធ​គ្រប់គ្រង​ដើម្បី​លើក កម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​ស្ថាប័ន​ដោយ​បង្កើន​ផលិតភាព​នៃ​ការផ្តល់​សេវា​ទាំង​បរិមាណ​និង​គុណភាព ខណៈ​ដែល​រាជរដ្ឋា ភិបាល​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​បន្ថែម​ដល់​មន្ត្រី​សាធារណៈ​ដោយ​រាប់បញ្ចូល​ទាំង​មន្ត្រី​សុខាភិបាល​ដូច​ជា​ការ បង្កើន​បៀវត្ស បង្កើន​ប្រាក់​ឧបត្ថម​ដល់​មន្ត្រី សាធារណៈ​ជា​ស្ត្រី​ពេល​សម្រាលកូន និង​ការផ្តល់​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ជា​ដើម​។ ត្រូវ​មាន​ការបែងចែក​គ្រូពេទ្យ​របស់​យើង​រវាង​តំបន់​ជនបទ និង​ទីក្រុង​ឲ្យមាន​តុល្យភាព រួម​ទាំង​វិនិយោគ​អគារ​សុខាភិបាល និង​បច្ចេកវិទ្យា​សុខាភិបាល​ឲ្យចំ​គោលដៅ​ផង​ដែរ​។ ជាមួយគ្នា​នោះ​ត្រូវ​យកចិត្តទុកដាក់​ផ្តល់​អាគារ​ស្នាក់​នៅ​ជូន​ដល់​គ្រូពេទ្យ​ផងដែរ​។​

៣)​ត្រូវ​ពង្រឹង​សមត្ថភាព​និយ័តកម្ម​របស់​អង្គភាព​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ និង​អង្គភាព​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​ដែល​ក្រសួង​សុខាភិបាល​បានធ្វើ ប្រតិភូកម្ម​មុខងារ​និយ័តកម្ម​នេះ ដើម្បី​ពង្រឹង ការអនុវត្ត​ច្បាប់ និង​នីតិក្រម​សុខាភិបាល​នៅលើ​ទីផ្សារ​សុខភាព​ក្នុង​កាលៈទេសៈ​ដែល​សេវា​សុខាភិបាល​ឯកជន​កំពុង​រីកលូតលាស់​យ៉ាងខ្លាំង​។​

៤)​ដើម្បី​ទទួលបាន​នូវ​ការងារ​និយ័តកម្ម​នេះ​គឺ​ត្រូវ​ធានា​ថា​សេវា​សុខភាព​ដែល​ផ្តល់​ដោយ​ផ្នែក​សុខាភិបាល ជូន​ប្រជាពលរដ្ឋ​ត្រូវ​ឈរ​លើ​និយាម​សមត្ថភាព​បច្ចេកទេស ស្តង់ដារ​គុណភាព និង​ក្រមសីលធម៌​ខ្ពស់​។ ដូច​ច្នេះ​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​ច្បាប់​ស្តីពី​ការគ្រប់ គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល និង​ចាំបាច់​ត្រូវ​ពង្រឹក​យន្តការ​ត្រួតពិនិត្យ និង​វាយ​តំលៃ​មួយ​ជាក់លាក់​ដើម្បី​ធានា​ឲ្យ​ប្រជា ពលរដ្ឋ​ដែល​បាន​ចំណាយ​លើ​ការថែទាំ​សុខភាព​ទទួលបាន​មក​វិញ​នូវ​គុណប្រយោជន៍​ផ្នែក​សុខភាព​ពោលគឺ ទទួលបាន​សេវា​មាន​គុណភាព សុវត្ថិភាព និង​ភាព​ស័ក្តិសិទ្ធិ​។​

៥) បង្កើត​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន នឹង​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឲ្យបាន​យល់​ជ្រួតជ្រាប ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​សុខភាព អនាម័យ មូលនិធិ​សមធម៌ អំពី​ការ​វិវឌ្ឍន៍​ថ្មីៗ​ក្នុង​វិស័យ​សុខាភិបាល​។ ទន្ទឹមនឹងនោះ គឺ​ត្រូវ​ពង្រឹង​យន្តការ​គណនេយ្យ ភាព​សង្គម​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុង​ការទទួល​ព័ត៌មាន និង​ចូលរួម​ផ្តល់យោបល់​អំពី​ការបំពេញ​ការងារ​របស់​អង្គភាព​ផ្តល់​សេវា​សុខាភិបាល​នៅ​មូលដ្ឋាន​អនុលោម​តាម​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប ប្រ ជា​ធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ​២០១០-២០២០ ដែល​មាន​គោល បំណង​លើកកម្ពស់​ដល់​សេវា​សាធារណៈ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ឲ្យ​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន ក៏​ដូច​ជា​ការ​លើ​ស្ទួយ​គុណភាព​នៃ​ជីវិត​រស់នៅ​របស់​ប្រជាជន​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ដល់​អង្គសន្និបាត ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​បាន​ចូលរួម ព្រមទាំង​ជូន ពរ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជួប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ​។​

​នៅក្នុង​ឱកាស​បិទ​សន្និបាត​សុខាភិបាល​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ផ្តល់​កិត្តិ​យ​បំពាក់​គ្រឿង​ឥស្សរិយយស​និង​មេដាយ​ការងារ​ជូន​ដល់​មន្ត្រី​សុខាភិបាល​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបម្រើ​សេវា​សុខាភិបាល​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​កន្លងមក​ប្រកបដោយ​បរិយាកាស​រីករាយ​និវ​ស្និទស្នាល​ក្រៃលែង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×