យោងតាមកាសែត Bangkok Post បានចុះផ្សាយការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ អំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ គិតមកទល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ គឺមានចំនួនឆ្លងសរុប ៦៣៣,២៨៤ ករណី ខណៈករណីឆ្លងថ្មីមានចំនួន ១៧,៩៧០ ករណី, ជាសះស្បើយសរុប ៤១៩,២៤១ ករណី និងស្លាប់សរុប ៥,១៦៨ ករណី។
តែយ៉ាងណា ទន្ទឹមនឹងស្ថានភាពជំងឺកូវីដ-១៩ កំពុងផ្ទុះឡើងយ៉ាងខ្លាំងនេះផងដែរ នៅថ្ងៃទី០២ សីហា ម្សិលមិញនេះ ព្រះសង្ឃថៃប៉ុន្មានអង្គ មកពីវត្ត Suthi Wararam នៅក្នុងទីក្រុងបាងកក បានស្ម័គ្រចិត្តជួយដល់អាជ្ញាធរ ដើម្បីទប់ស្កាត់ការផ្ទុះឡើងចុងក្រោយនៃជំងឺកូវីដបំប្លែងថ្មី Delta នៅក្នុងសហគមន៍។
យ៉ាងណាមិញ តាមរយៈរូបភាពបានបង្ហាញឲ្យឃើញថា ព្រះសង្ឃស្ម័គ្រចិត្តទាំងនោះ ដែលចេះជំនាញពេទ្យ បានគ្រងឈុតការពារកូវិដ-១៩ (PPE) និមន្តតាមផ្ទះ មើលថែប្រជាពលរដ្ឋទូទៅ និងពិនិត្យសំណាករកមេរោគកូវីដ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង