ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា កាលពីវេលាម៉ោងប្រមាណ ៤ ល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ គឺមានការភ្ញាក់ផ្អើល និងស្លុតរន្ធត់ជាខ្លាំង នៅចំណុចតំបន់ឆ្នេអូត្រេះ១ ដោយមានករណីបុរសម្នាក់បានលង់ទឹកសមុទ្រ ខណៈគាត់ និងមិត្ត៣នាក់ដទៀត កំពុងទឹកលេងនៅជាយឆ្នេរ ហើយស្របពេលនោះក៏កើតមានរលកខ្ពស់បក់បោកខ្លាំង អូសទាញពន្លិចជនរងគ្រោះបាត់ស្រមោលតែម្តង។
តែយ៉ាងណា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥ និង ៣០នាទី ទើបក្រុមស្វែងរកប្រទះឃើញសាកសពរបស់ជនរងគ្រោះ អណ្តែតទើរលើឆ្នេរខ្សាច់ ចំងាយប្រហែល១០០ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និងមានចំងាយប្រហែល១.៣០០ ម៉ែត្រ ពីកន្លែងបាត់ខ្លួន។
យ៉ាងណាមិញ ក្រោយទទួលដំណឹងថា មិត្តភក្តិបានលង់ទឹកស្លាប់ដ៏មិននឹកស្មានដល់បែបនេះ គណនីហ្វេសប៊ុកមួយឈ្មោះ Seak Seng ដែលត្រូវជាមិត្តភក្តិសព បានបង្ហោះសាររៀបរាប់ទាំងក្តីក្តុកក្តួល និងសោកស្តាយបែបនេះថា « ក្រោយពីបានទទួលដំណឹងថាសម្លាញ់ ជូ ជាគុយ បានទៅចោលយើងហើយ ខ្ញុំពិតជាតក់ស្លុតខ្លាំងណាស់ ដោយសម្លាញ់ទៅទាំងមិនលាសូម្បីមួយម៉ាត់។ យើងទាំងអស់គ្នាពិតជាមានការសោកស្តាយនូវការបាត់បង់មិត្តដ៏ល្អ កូនល្អរបស់ឱពុកម្តាយ និងជាបញ្ញាវន្តដ៏ពូកែម្នាក់សម្រាប់សង្គមនេះដែរ។ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ជាគុយ បានសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តន៍»។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលបានលង់ទឹកស្លាប់នេះ គឺមានឈ្មោះថា ជូ ជាគុយ អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ (មុខរបរជាមេធាវី) មានទីលំនៅរាជធានីភ្នំពេញ ហើយគាត់បានត្រូវអស់ជីវិតដ៏គួរឲ្យអាសូរ គឺខណៈមកកាន់ក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង