ភ្នំពេញ ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (១៤-១៥-១៦ មេសា ២០១៨) សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ម្ចាស់រថយន្តឈ្នួលទាំងអស់ សូមមេត្តាកុំដំឡើងថ្លៃ។ ចំណែកឯនៅទីក្រុងភ្នំពេញវិញ គឺបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករទាំងអស់អាចជិះរថយន្តក្រុងបានដោយមិនគិតថ្លៃឡើយ ក្នុងពេលចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ (FREE)។
នៅព្រឹកថ្ងៃពុធ ទី ២៨ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ និងកម្មការនីប្រមាណ១៤.៦៩៤នាក់ មកពី រោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន៖ “បានអំពាវនាវដល់ក្រុមហ៊ុន រថយន្តដឹកអ្នកដំណើរទាំងឡាយ កុំដំឡើងថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ”។
សម្តេចតេជោ ហ៊ុន សែន បានបន្តក្រើនរំលឹកដល់ភាគីពាក់ព័ន្ធឲ្យរកវិធីដោះស្រាយបញ្ហាជូនកម្មករ កម្មការិនី ដែលត្រូវថែកែរោងចក្ររត់ចោល។ សម្តេចទទួលបានការត្អូញត្អែររបស់កម្មការិនីម្នាក់ថា គេមិនទាន់ទទួលបានប្រាក់ខែ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលថៅកែរត់ចោលនៅឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាល បានចំណាយថវិការ ប្រមាណ ៤លាន ៦សែន ដុល្លារក្នុងការដោះស្រាយប្រាកខែដល់ក្មួយៗកម្មករកម្មការនីមួយចំនួន ដែលត្រូវម្ចាស់រោងចក្ររត់ចោល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធានាបាននូវនិរន្តរភាពការងារក្នុងរោងចក្រ សហគ្រាស ត្រូវពឹងផ្អែកលើមុំ៣ជាសំខាន់ រួមមាន រាជរដ្ឋាភិបាល វិស័យឯកជន និងកម្មករ កម្មការិនីតែម្តង។ សម្តេចតេជោ បញ្ជាក់ថា មុំទាំង៣នេះ មិនអាចខ្វះខាតមួយណាបានឡើយ ជាពិសេសគឺរាជរដ្ឋាភិបាលតែម្តង ត្រូវមានគោលនយោបាយច្បាស់លាស់ ឬ ប្រឹងប្រែងសម្របសម្រួលនាំអ្នកវិនិយោគ និងរកទីផ្សារក្រៅប្រទេសជាដើម។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ដល់កម្មកររោងចក្រពីមូលហេតុដែលសម្តេចទើបចាប់ផ្តើមចុះជួបកម្មករ កម្មការិនី គឺមកពីសម្តេចមានខ្លួនតែមួយ ដូច្នេះមិនអាចទៅគ្រប់ទីកន្លែងក្នុងពេលតែមួយនោះទេ គឺត្រូវមើលលើការងារណាដែលភាពចាំបាច់ និងអាទិភាពមុន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពការងារលើវិស័យវេណភណ្ឌបានរីកចម្រើនយ៉ាងច្រើន ដែលក្នុងនោះកាលពីឆ្នាំ១៩៩៧ មានរោងចក្រតិចតួចបំផុត តែបច្ចុប្បន្នរោងចក្រ សហគ្រាសក្នុងប្រព័ន្ធនេះបានកើនដល់ប្រមាណ ១ម៉ឺន ២ពាន់ ដោយផ្តល់ការងារជូនកម្មករ កម្មការិនីប្រមាណ ១លាន ៥សែននាក់។ ក្នុងប្រាក់ឈ្នួលក៏បានកើនឡើងខ្ពស់ផងដែរ ដែលពេលបច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមាមានរហូតដល់ ១៧០ដុល្លារ ដែលជាអត្រាប្រាក់ឈ្នួលខ្ពស់ជាង បណ្តាប្រទេសជាច្រើននៅក្នុងតំបន់។ការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ កម្មការិនីនឹងធ្វើឡើងជារៀងរាល់ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យចូលរួមថែរក្សាបរិយាកាសការងារ ដោយមិនត្រូវឲ្យមានបងតូចបងធំ ឬថ្នាំញៀននៅក្នុងរោងចក្រ សហគ្រាសនោះឡើយ។
គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់ បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់កូនក្មួយ កម្មករឲ្យកាន់តែល្អប្រសើរឡើង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីការវិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ ប្រទេសកម្ពុជាដែលបានចាប់ផ្តើមពីចំនុចសូន្យ រហូតបានប្រែក្លាយជាប្រទេសមួយមានការអភិវឌ្ឍ រីកចម្រើន។ កន្លងមកសម្តេចតេជោ តែងតែមានការផ្សារភ្ជាប់ជាមួយនឹងសកម្មភាព ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដូចជាសកម្មភាពនៅបរទេស ក្នុងការធ្វើការចរចា ស្វែងរកសន្តិភាព ការចុះជួបជាមួយបងប្អូនកងទ័ពនៅសមរភូមិ ការចុះជួបជាមួយកសិករ ការចុះជួបជាមួយ សិស្សនិស្សិត និងការចុះជួបជាមួយកម្មករកម្មករនីនេះជាដើម។ល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ប្រាក់ខែកម្មករយើងនឹងមានការតម្លើង ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ហើយសង្ឃឹមថានៅក្នុងឆ្នាំ២០២៣ប្រាក់ខែកម្មករ នឹងឡើងដល់យ៉ាងតិច ២៥០ដុល្លារក្នុងមួយខែ។ ដូចច្នេះដើម្បីរក្សាការងារឲ្យបានស្ថិតស្ថេរ សម្តេចតេជោ សូមឲ្យកម្មករកម្មការិនី យើងទាំងអស់គ្នារួមគ្នាខិតខំធ្វើការងារឲ្យបានល្អ និងរួមគ្នាថែរក្សាសន្តិភាព ឲ្យបានគង់វង្ស ពីព្រោះសន្តិភាពនាំមកនូវការអភិវឌ្ឍ និងភាពរីកចម្រើន៕ ដោយ៖បញ្ញាស័ក្តិ