កាលវេលាម៉ោង១២ និង៥០នាទី ថ្ងៃត្រង់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មានករណីយុវជនមានបញ្ហាសតិមិនគ្រប់ម្នាក់ និងត្រូវបានស្គាល់ថាជាតារា Tik Tok បានរអិលជើងធ្លាក់ចូលក្នុងស្រះទឹកលង់បាត់ខ្លួនតែម្តង នៅវត្តមង្គលបុរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមម្តីម្តាយរបស់ជនរងគ្រោះ បានបញ្ជាក់ថា កូនប្រុសរបស់គាត់មានឈ្មោះ អ៊ួច ភា អាយុ១៧ ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ បានចូលទៅចាប់ត្រីលេងនៅក្នុងស្រះទឹក ដោយមិនបានប្រយ័ត្ន ក៏រអិលធ្លាក់ចូលស្រះទឹកលង់បាត់ខ្លួនតែម្តង។
ភ្លាមៗនោះ បងប្អូនសាច់ញាតិ បានខំស្វះស្វែងចុះមុជរាវរកសាកសព ប៉ុន្តែ ពុំអាចរកឃើញនោះទេ ដោយសារស្រះទឹកនេះមានទំហំធំ និងជម្រៅរហូតជាង ១០ ម៉ែត្រ ឯណោះ។
លុះដល់វេលាម៉ោង ៥ និង៣០នាទីល្ងាច កម្លាំងជំនាញក្រុមរុករក និងសង្គ្រោះរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានទៅដល់ទីតាំងចំណុចកើតហេតុ និងបើកប្រតិបត្តិការរុករកសាកសពជនរងគ្រោះនៅក្នុងស្រះទឹក។ ហើយក្រោយប្រើពេលមុជរាវរកអស់រយៈពេលជិតកន្លះម៉ោង ក្រុមការងាររុករកនិងសង្គ្រោះរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរកឃើញសាកសពយុវជន អ៊ួច ភា រួចប្រគល់អោយក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង