ទាក់ទងបញ្ហាគ្រូពេទ្យមួយចំនួន ដែលកន្លងៗមក បានបដិសេធទទួលអ្នកជំងឺព្យាបាល ក្នុងសម័យកូវីដនេះ គេក៏មិនដឹងថា មកពីមូលហេតុអ្នកជំងឺក្រីក្រមិនមានលទ្ធភាពបង់ថ្លៃព្យាបាល ឬ ក៏គ្រូពេទ្យខ្លាចឆ្លងកូវីដខ្លាំង យ៉ាងណានោះទេ បានជាគ្រូពេទ្យដាច់ចិត្ត ទុកឲ្យរហូតអ្នកជំងឺខ្លះ ត្រូវដាច់ខ្យល់ស្លាប់គួរឲ្យអាសូរ ច្រើនករណីរួចហើយ ដែលបង្កឲ្យមានការរិះគន់ជាខ្លាំងតែម្តង។
ដោយឡែក សម្រាប់ករណីនេះវិញ គឺពិតជាបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងតែម្តង ខណៈគ្រួសារសាច់ញាតិអ្នកជំងឺ និងគ្រូពេទ្យនៅមន្ទីរពេទ្យកេតុមាលា បានឈ្លោះប្រកែកគ្នាឡើងតឹងសរសៃករៀងៗខ្លួន ក្រោយគ្រូពេទ្យបដិសេធទទួលព្យាបាល បើទោះជាមានគ្រែក៏ដោយ។ ពួកគាត់ក៏ប្រាប់ឲ្យដឹងថា ទោះឲ្យសម្រាកនៅខាងក្រៅលើឥដ្ឋ ក៏គាត់សុខចិត្តដែរ ឲ្យតែគ្រូពេទ្យជួយពិនិត្យព្យាបាល។
សាច់ញាតិអ្នកជំងឺបានប្រាប់ឲ្យដឹងទៀតថា ពួកគាត់បានស្វែងរកពេទ្យគ្រប់ច្រកល្ហកអស់ហើយ តែពុំមានពេទ្យណាទទួលនោះទេ ហើយគិតថា នេះជាពេទ្យរដ្ឋដ៏ធំមួយ ជាជម្រើសចុងក្រោយប៉ុន្តែមិននឹកស្មានថា គ្រូពេទ្យនៅទីនេះប្រើពាក្យសម្តីមិនទទួល ហាក់គ្មានតម្លៃវិជ្ជាជីវៈជាគ្រូពេទ្យសោះឡើយ។
ត្រង់ចំណុចនេះ គាត់ចង់សួរថា តើអ្នកទាំងអស់គ្នាមកទីនេះ ធ្វើពេទ្យធ្វើអ្វី បើប្រជាពលរដ្ឋមានគ្រោះអាសន្ន មករកពេទ្យជួយ បែរជាគ្រូពេទ្យមិនទទួល ហើយនិយាយបែបនេះ…!?។
ដោយឡែក ក្រឡេកមកមើលមតិបងប្អូនមហាជនក្នុងបណ្តាញសង្គមវិញ ក្រៅពីអ្នករិះគន់ពេទ្យខ្លាំងៗ ដែលបានឃើញពីស្ថានភាពក្នុងវីដេអូ បានលើកឡើងថា «បងឯងទៅពេទ្យ សម្រុកទៅ ៥ ទៅ ៦នាក់ អុីចឹង គេអត់មើលត្រូវហើយ.. បើបងចេះដឹងគួរយល់ថា កន្លែងណាក៍មានច្បាប់ទំលាប់ដែរ តែបើបងចូលទៅទាំងអស់អុីចឹង គឺខុស បើមានម្នាក់ណាវិជ្ជមាន បងគិតមេច? សំរាប់គ្រូពេទ្យគួរនិយាយហេតុផល ដែលមិនទទួលគាត់??? បើការគិតរបស់ខ្ញុំខុស អភ័យទោសផង»។
រីឯគ្រូពេទ្យម្នាក់ ក៏បានបញ្ចេញយោបល់ថា «ហេតុអីទុកពេទ្យជាទាសកររបស់អ្នក? មកសំឡុតគំរាមគំហែងពេទ្យទាំងស្ថានភាពស្រវឹង មិនពាក់ម៉ាស់ មិនរក្សា៣កុំ ៣ការពារ តាមគោលការណ៍រាជរដ្ឋាភិបាល ហើយបង្ខំអោយព្យាបាល សួរថា: បើរឿងហ្នឹងកើតលើអ្នក រឺគ្រួសារអ្នក តើអ្នកមានអារម្មណ៍បែបណា? សូមអធ្យាស្រ័យផងពេទ្យក៏ជាមនុស្សដូចអ្នកដែរ»។ ចុះប្រិយមិត្តវិញ យល់ឃើញយ៉ាងណាដែរ?។
តែទោះយ៉ាងណា សូមដោះស្រាយដោយសន្តិវិធី កុំយកអារម្មណ៌មកដោះស្រាយបែបកំហឹង ក្នុងនាមយើងមានជ្ជាជីវៈជាពេទ្យ ត្រូវដឹងថា ប្រជាពលរដ្ឋគាត់មានការភិតភ័យ គាត់ពុំដឹងអំពីគោលការណ៍ច្បាស់លាស់ដូចយើងនោះទេ ដូចនេះសូមជួយពន្យល់ណែនាំពួកគាត់អោយអស់លទ្ធភាព ទើបជាការប្រសើរក្នុងនាមជាមន្រ្តីបម្រើអោយរាស្រ្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង