ស្វាយរៀង ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថាក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមាន សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ។
ការលើកឡើងបែបនេះខណះដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា សមិទ្ធផលនានាវត្តសិរីវង្សនិងអាគាររដ្ឋបាលឃុំចន្ទ្រា ស្ថិតនៅភូមិចន្ទ្រាឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៩ខែមិនាឆ្នាំ២០១៨។
លោកជំទាវម៉ែនសំអនបានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និង ការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាច កាត់ផ្ដាច់បានឡើយ ។
ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមាន សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេស មានសុខុដុមនីយកម្មផ្នែកសាសនា ទើបមានលេចចេញជា សមិទ្ធិផលទាំងអស់នេះក្រោមគំនិតផ្តួចផ្តើមរបស់ លោក តាន់ ថាណា និងលោកស្រីហូ ឡាយ រួមជាមួយ លោក ឧកញ៉ា លោកលោកស្រីនិងសុប្បុរសជនទាំងអស់ ដែលជាពុទ្ធសាសនុបត្ថម្ភដ៏ថ្លៃថ្លាបានចំណាយថវិកា ផ្ទាល់ខ្លួន និងបានកៀគរថវិកាដែលជាទឹកចិត្តសទ្ធាជ្រះថ្លាក្នុងការកសាងទាំងពុទ្ធចក្រ និងអាណាចក្រ ទើបលេចចេញនូវសមិទ្ធផលនានានៅក្នុងវត្តសិរីវង្ស និងនៅក្នុងឃុំចន្ទ្រានាពេលនេះ ។
លោកជំទាវបានផ្តាំផ្ញើរទៀតថាទី១. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបាន គង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
ទី២. មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទី៣. រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដន៍ឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតគ្រឿងញៀន មិនត្រូវបានបងតូច បងធំ និងក្រុមក្មេងទំនើង គោរពច្បាប់ចរាចរណ៍។
ទី៤. មិនត្រូវជឿតាមការញោះញ៉ុងរបស់ជនអគិតមួយមួយដែលតែងតែ រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ ប្រទេស។
ទី៥. បងប្អូនទាំងអស់គ្នាត្រូវត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះតាមសេចក្តី ប្រកាសរបស់គណៈកម្មការជាតិរៀបចំ ការបោះឆ្នោត ត្រូវចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខានឡើយ ដោយត្រូវប្រែក្លាយសមាជិកបក្សម្នាក់ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក និងត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសម្ថតភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ។
ជាចុងក្រោយលោកជំទាវក៏បានអញ្ជើញកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឧបដ្ឋានសាលាវត្តសិរីវង្សនិងសាលាឃុំចន្ទ្រាផងដែរ។វ៉ៃកូ