ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឲ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
កន្លងមក កម្ពុជាបាននាំចេញភាគច្រើន គ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ សម្រាប់ប្រទេសជិតខាង ដែលទទួលទិញយកទៅកែច្នៃលក់បន្ត ប៉ុន្ដែបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីច្រើនកន្លែង ដែលអាចឈានទៅរកការកែច្នៃ ដើម្បីបម្រើការនាំចេញបាន។
លោក ហ៊ុយ ភៀវ ម្ចាស់ចម្ការស្វាយចន្ទីជាង១ពាន់ហិកតា នៅស្រុកជីក្រែង ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ ដំណាំស្វាយចន្ទីររបស់លោក ទទួលបានទិន្នផលខ្ពស់ ដោយកើនឡើងប្រមាណជាង ៥០ភាគយ បើធៀបនឹងឆ្នាំ២០២០។ លោកបន្តថា ការដាំស្វាយចន្ទី ឲ្យបានទិន្នផលខ្ពស់ វាទាមទារឲ្យអ្នកដាំ ត្រូវសិក្សាអំពីប្រភេទដី ពូជ និងការថែទាំដាក់ជី ដាក់ថ្នាំឲ្យបានច្បាស់ទើបវាបានផលល្អ។
លោក ហ៊ុយ ភៀវ បានបន្ថែមថា ពូជស្វាយចន្ទីដែលល្អបំផុត នៅលើពិភពលោក គឺពូជស្វាយចន្ទីរបស់ស្រុកខ្មែរតែម្តង ។ លោកថា លោកបានទិញពូជនៅក្នុងស្រុក ហើយបង្កាត់ពូជដាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ ខណៈបច្ចុប្បន្ន ស្វាយចន្ទីនៅតែមានតម្រូវនៅលើទីផ្សារ ដូច្នេះ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលចង់ដាំស្វាយចន្ទី គួរតែស្វែងយល់ឲ្យច្បាស់ អំពីបច្ចេកទេសដាំ , ការជ្រើសរើសដីដាំ, ការជ្រើសរើសយកប្រភេទពូជណាដែលធន់នឹងការប្រែប្រួលអាកាធាតុ ជាពិសេសការដាក់ជីទៅតាមអាយុកាលរបស់វា ហើយបើនៅមិនច្បាស់លាស់ គឺអាចមកចម្ការរបស់លោកបាន ដើម្បីបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែមទៀតបាន។
កន្លងមកកម្ពុជា បាននាំចេញភាគច្រើន គ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ សម្រាប់ប្រទេសជិតខាង ដែលទទួលទិញយកទៅកែច្នៃលក់បន្ត ប៉ុន្ដែបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីច្រើនកន្លែង ដែលអាចឈានទៅរកការកែច្នៃ ដើម្បីបម្រើការនាំចេញបាន។
ឆ្នាំ២០២០កន្លងទៅ ស្វាយចន្ទីរបស់កម្ពុជា មានបរិមាណផលចំនួន ២៤២.៣២៤តោន គិតជាទឹកប្រាក់ចំនួន ៤៨១.៤៨៣.៧៥០ ដុល្លារអាមេរិក។ តាមការប៉ាន់ស្មាន ផ្ទៃផលិតកម្មនៃដំណាំស្វាយចន្ទី នៅឆ្នាំ២០២១នេះ អាចពង្រីកបន្ថែមដែលមានចំនួនប្រមាណជា ២៤៨ .២៩៥ហិកតា។
គួរបញ្ជាក់ថា ថ្មីកន្លងទៅនេះ ប្រជាកសិករដែលជាអ្នកដាំស្វាយចន្ទី ក្នុងខេត្តសៀមរាប ប្រមាណជា២០នាក់ បានស្វែងរកការជួបជុំពិភាក្សាគ្នា ដើម្បីស្វែងរកនូវបទពិសោធថ្មីៗ ក្នុងការដាំស្វាយចន្ទីទទួលបានទិន្នផលខ្ពស់ បំពេញនូវតម្រូវការទីផ្សារទាំងក្នុងស្រុក និងការនាំចេញ៕
រក្សាសិទ្ធដោយ៖ CEN