Monday, May 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជាលើកចុងក្រោយ ដល់យានយន្តមិនប្រក្រតីមួយចំនួន ត្រូវទៅបង់ពន្ធតាមច្បាប់ជាធរមាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យយានយន្តឯកជនជ្រកក្រោម ផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម , ផ្លាកលេខ ន.ប ដែលមានចង្កូតឆ្វេង និងពុំបានចុះបញ្ជីទ្រព្យរបស់រដ្ឋ ព្រមទាំងរថយន្តចង្កូតស្ដាំកែមកឆ្វេង ដែលមានក្នុងស្រុក ត្រូវបានអនុញ្ញាតជាលើកចុងក្រោយ ត្រូវទៅបង់ពន្ធលើមធ្យោយបាយដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាមច្បាប់ជាធរមាន។

តាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះថា ការសម្រេចបែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនកម្ពុជា ធ្វើឡើងបន្ទាប់ពីទទួលសំណើតាមរយ:លិខិត របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានស្នើសុំការសម្រេចពីសម្តេចតេជោ ចំពោះការប្រើប្រាស់យានយន្តមិនប្រក្រតីមួយចំនួន ដែលមានចង្កូតឆ្វេង និងពុំបានចុះបញ្ជីទ្រព្យរបស់រដ្ឋ ត្រូវទៅបង់ពន្ធលើមធ្យោយបាយដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាមច្បាប់ជាធរមាន។ ខ្លឹមសារលិខិតស្នើ រួមមាន ៥ចំណុច សំខាន់ៗដូចខាងក្រោម ÷

១- ចំពោះយានយន្តឯកជន ក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុគ្រោះតែមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាតឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្តមួយឆ្នាំទៀតប៉ុណ្ណោះ។ ការបង់ពន្ធនេះ ពុំមែនមានន័យថា ម្ចាស់យានយន្តបានរួចផុតពី កាតព្វកិច្ចបង់ពន្ធ និងអាករនាំចូលយានយន្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។

២- អគ្គនាយកដ្ឋានពន្ធដារ រៀបចំបញ្ជីលម្អិតយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ លេខ ខ.ម និង ន.ប អំពីភិនភាគសម្គាល់យានយន្ត និងអំពីម្ចាស់យានយន្ត ជូនដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការបន្តខាងផ្នែកពន្ធ និងអាករនាំចូល។

៣- អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ត្រូវគាំទ្រកម្លាំងរបស់គយ ក្នុងការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធរថយន្តចង្កូតស្តាំចូលមកកម្ពុជា។

៤- គ្រប់ក្រសួង និងស្ថាប័ន ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់ និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្តាំ (លើកលែងតែមានការ អនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេសដូចជា រថយន្តអគ្គិភ័យ រថយន្តដឹកសំរាម ជាដើម) ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទម្រង់ណាមួយ ក្នុងការ «ទទួលស្គាល់» រថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តខុសច្បាប់។ ក្នុងករណីរកឃើញបុគ្គលដែលមានការពាក់ព័ន្ធខាងលើត្រង់ចំណុចនេះ បុគ្គលនោះត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។

៥- អនុញ្ញាតឲ្យបង់ពន្ធ និងអាករនាំចូលចំពោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុក ជាលើកចុងក្រោយ តែត្រូវកែចង្កូតពីស្តាំមកឆ្វេង ដើម្បីឲ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ការអនុញ្ញាតនេះ មានឱសានវាទត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២ ។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំ ដែលត្រូវបង្ក្រាបបាន នឹងតម្រូវឲ្យដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោល៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×