ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងតាមរយៈប្រព័ន្ធវីដេអូ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី កាលពីចុងសប្តាហ៍មុននេះ លោក លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចប្រជុំនេះ បានរៀបចំឡើងក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលបានចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនៃក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-គ.ស.អ.អ បានរៀបចំចំនួន ០២ លើករួចមកហើយ ដោយលើកទី ១ នៅរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៧ និងលើកទី ២ នៅសហព័ន្ធរុស្ស៊ី ក្នុងឆ្នាំ២០១៨។
លោកជំទាវ តឹករ៉េត កំរង បានឲ្យដឹងថាកិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីជំនាញនៃបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃក្រុមការងាររួមកម្ពុជា-គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (គ.ស.អ.អ) ប្រមាណ ៤៦ រូប ដើម្បីប្រមូលធាតុចូល សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមកម្ពុជា-គ.ស.អ.អ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២១ ។
កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សានិងប្រមូលធាតុចូល លើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គ.ស.អ.អ ដោយគ្របដណ្តប់លើវិស័យសំខាន់ៗមួយចំនួនរួមមាន៖ (១) កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ (២) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និងគយ (៣) ឧស្សាហកម្ម ថាមពល និងហេដ្ឋារចនាសម័្ពន្ធ (៤) វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (៥) បទបញ្ញត្តិបច្ចេកទេស និងអនាម័យនិងភូតគាមអនាម័យ និង (៦) កម្មសិទ្ធិបញ្ញា កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង។
សូមជម្រាបជូនថាទំហំពាណិជ្ជកម្មសរុបរវាងប្រទេសកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី នៅឆ្នាំ២០២០ សម្រេចបានប្រមាណ ៦៧,៣៧ លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញមានចំនួនប្រមាណ ៥២,១៩ លានដុល្លារអាមេរិក និងការនាំចូលមានចំនួនប្រមាណ ១៥,១៨ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ១៧,១៧ % បើធៀបនឹងឆ្នាំ២០១៩។ ទំនិញសក្តានុពលរបស់កម្ពុជាដែលនាំចេញទៅកាន់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី រួមមានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង អង្ករ កាហ្វេ តែ ផ្លែឈើ បន្លែ គ្រឿងទេស ថ្នាំជក់ សូត្រ កៅស៊ូ និងគ្រឿងសង្ហារឹម។ល។ ហេតុនេះ ទោះបីជាក្នុងស្ថានភាពនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសវិស័យពាណិជ្ជកម្ម នៅតែបន្តកើនឡើង៕