ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡឹម ធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធអនឡាញ ថា បច្ចេកវិទ្យាឌីជីថល នឹងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកដោយចីរភាព និងភាពធន់ជាងមុន ទៅនឹងវិបត្តិផ្សេងៗ ។

ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដដែលនេះ ដែលផ្សាយចេញពីរាជធានី បានដាស៊េរីបេហ្កាវ៉ាន់ នៃប្រទេព្រុយណេដារូស្សាឡឹម នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បញ្ជាក់ទៀតថា ពិភពលោកក្នុងបរិការនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងមានការរីកចម្រើន និងវិវឌ្ឍយ៉ាងឆាប់រហ័ស លើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល។
សម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥» ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក សំដៅជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល។ គោលនយោបាយនេះ នឹងជួយជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN







