ភ្នំពេញ ÷ រថយន្តម៉ាកហុីយ៉ានដាយដឹកទំនិញមួយគ្រឿង បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរេចង្កូតចូលទៅផ្លូវម្ខាងទៀត បុករថយន្តកុងតឺន័រ បណ្តាលឲ្យកៀបជាប់តៃកុង សំណាងល្អបានពលរដ្ឋជួយគាស់ចេញ គ្រាន់តែរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ក្នុងសង្កាត់ទឹកថ្លា ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ 3A-6445 បើកបរតាមបណ្តោយផ្លូវព្រៃស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ផ្លូវកោងស្របពេលនិងមេឃធ្លាក់ភ្លៀង ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G-7666 បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា ពីជើងមកត្បូងក្នុងល្បឿនលឿន បានរេចង្កូតចូលទៅផ្លូវម្ខាងទៀត ទៅបុករថយន្តកុងតឺន័រ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខូចខាតមួយកំណាត់មុខ កៀបជាប់តៃកុង ចំណែកឯរថយន្តកុងតឺន័រវិញ រងការខូចខាតផ្នែកចំហៀង ខាងឆ្វេងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះទៅដល់រួចធ្វើការវាស់វែង យករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំឲ្យភាគីទាំងពីរ ដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖សា មេត


