ភ្នំពេញ ÷ យុវជនម្នាក់ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តម៉ាកព្រូសបើកបត់ឆ្លងផ្លូវ ចំពីចំហៀងខាងស្តាំពីក្រោយ បណ្តាលឲ្យម៉ូតូខ្ទេចផ្នែកខាងមុខទាំងស្រុង រងរបួសធ្ងន់ ចំណែកតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចទល់មុខនិងវត្តជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 2BH-9679 បើកបរដោយបុរសម្នាក់ធ្វើដំណើរ ចេញពីផ្លូវលំក្នុងទិសដៅពីជើងមកត្បូង រួចបានបត់ឆ្វេងឆ្លងផ្លូវចូលទៅផ្លូវម្ខាងទៀត ខណៈបត់ដល់ពាក់កណ្តាលផ្លូវស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូធំមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ តាកែវ 1Y- 3519 ជិះដោយបុរសម្នាក់ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនបានជ្រុលទៅ បុករថយន្តម៉ាកព្រូស ចំពីចំហៀងខាងឆ្វេងពីក្រោយ បណ្តាលឲ្យម៉ូតូដួលរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏ធ្វើការពិនិត្យ និងវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សាមេត







