ភ្នំពេញ ៖ ជនសង្ស័យមេខ្លោងជួញដូរគ្រឿងញៀន ជនជាតិខ្មែរ និងជាតិចិនចំនួន ០៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជាប់ពាក់ព័ន្ធការ នាំចូលសារធាតុញៀនជាង ៥គីឡូក្រាម ពីប្រទេសអាហ្វ្រិកខាងត្បូង មកកាន់ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។
សមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ មានឈ្មោះទី ១- ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ ៣២ ឆ្នាំ ជាជនជាតិចិន។ ទី ២- ឈ្មោះ ឆូយ ប៊ុនវុទ្ធ ភេទប្រុស អាយុ ៦៥ឆ្នាំ ជាជនជាតិខ្មែរ ។ ទី ៣- ឈ្មោះ FU XIX MING ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន និងទី៤- ឈ្មោះ HU XIAO HUI ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន ។
ចំណែកឯវត្ថុតាងដែលសមត្ថកិច្ច រឹបអូសបានរួមមាន ៖ ១- សារធាតុញៀនប្រភេទកេតាមីន (KETAMIE)៦០ដប ទម្ងន់ សុទ្ធ៥គីឡូ និង ១៣៤.២០ ក្រាម ។

ទាក់ទងនឹងការបង្ក្រាបខាងលើនេះ, សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សមត្ថកិច្ចនគរបាលជំនាញ បានចុះបង្រ្កាបករណីគ្រឿងញៀន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីទទួលព័ត៌មានសម្ងាត់ថា មានឧក្រិដ្ឋជនបានផ្ញើកញ្ចប់គ្រឿងញៀន ឆ្លងដែនពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជាតាមជើងយន្តហោះ ។
លោកបានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ខាងលើ,
មន្ដ្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ( កម្លាំងក១០) ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រ សតសត្យា សហការជាមួយគយនិងរដ្ឋាករប្រចាំឃ្លាំងទំនិញ (CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ក្រោមការសម្របសម្រួល ពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការ ត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNES BURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយ:ក្រុមហ៊ុន DHL ដែលបង្កប់លាក់ក្នុងដបជរ័ ពណ៌សម៉ាក ALOE GEL ។
លោកបានឲ្យដឹងទៀតថា ជាដំបូងសមត្ថកិច្ចចម្រុះ បានពិនិត្យលើកញ្ចប់បញ្ញើនោះ មានទម្ងន់សរុបជាង ១០ គីឡូក្រាម ដែលនេះមិនទាន់កំណត់សារធាតុញៀន ឲ្យបានច្បាស់លាស់នោះទេ ។

តែនៅពេលគ្រឿងញៀន បានចូលដល់ឃ្លាំងស្តុក នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ, សមត្ថកិច្ចក៏បានទំនាក់ទំនងទៅលេខទូរស័ព្ទ ដែលអ្នកផ្ញើកត់នៅលើកញ្ចប់គ្រឿងញៀននោះ ដើម្បីហៅម្ចាស់របស់ ដែលរស់នៅស្រុកខ្មែរ ដែលចាំទទួលកញ្ចប់បញ្ញើនោះ ឲ្យមកទទួលរបស់បញ្ញើ។
តែពេលនោះ ជាលេខទូរស័ព្ទជនជាតិចិន ដែលកំពុងស្នាក់នៅ ក្នុងខេត្តបន្ទាយមានជ័យ ។ ហើយជនសង្ស័យក៏មិនបាន ទៅទទួលយកកញ្ចប់បញ្ញើនោះ ដោយខ្លួនឯងទេ ពោលគឺពួកគេបានជួលឲ្យបុរសខ្មែរ ជាអ្នករត់ម៉ូតូកង់បីម្នាក់ ឲ្យទៅទទួល និងដឹកបញ្ញើនោះពីមន្ត្រីសមត្ថកិច្ចជំនាញ។

ហើយក្រោយមក, ពួកគេទាំង០៤នាក់ ក៏ត្រូវបានសមត្ថកិច្ចនគរបាល ក្រសោបនិងចាប់ខ្លួនជាបន្តបន្ទាប់តែម្តង នៅក្នុងរាជធានីភ្នំពេញ និងខេត្តឧត្តរមានជ័យ។
បច្ចុប្បន្ននេះ , ជនសង្ស័យទាំង ០៤នាក់ខាងលើ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ កំពុងតែកសាង សំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដើម្បីធ្វើការសាកសួរ និងសម្រេចទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា
