ភ្នំពេញ ÷ នារីរូបស្រស់ម្នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតឡើងលើសួនផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ពេញទំហឹងបណ្តាលឲ្យរថយន្តវិលមួយជុំ សំណាងមិនគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នករួមដំណើរតាមដងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញនារីរូបស្រស់ម្នាក់ បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BH-2812 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតឡើងលើសួនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងមួយដើម ពេញទំហឹង រងការខូចខាតកំពឹតមួយចំហៀង ចំណែកឯរថយន្តបង្កខ្ទេចមួយកំណាត់មុខ។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមៗនោះដែរ ក៏បានពលរដ្ឋជិតខាងរាយការណ៍ ទៅសមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត



