បរទេស៖ ក្រោយពេលមានការវាយប្រហារដោយគ្រាប់បែកអត្ដឃាតសម្លាប់ពលរដ្ឋ១៧០នាក់ និង កងទ័ពសហរដ្ឋអាមេរិក១៣នាក់ កាលពីថ្ងៃទី២៦ ខែសីហា រួចមក សហរដ្ឋអាមេរិក បានសម្រេចសងសឹក ហើយប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបរ វាយប្រហារទៅលើបណ្ដាញក្រុមភេរវករ ចំនួន២លើក ទាំងនៅភាគខាងកើតអាហ្វហ្គានីស្ថាន និង នៅទីក្រុងកាប៊ូល។
សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី៣០ ខែសីហា ថា យន្ដហោះគ្មានមនុស្សបើកបររបស់កងទ័ពសហរដ្ឋអាមេរិក បានបើកការវាយប្រហារ នៅក្នុងទីក្រុងកាប៊ូល កាលពីថ្ងៃអាទិត្យ (ទី២៩ ខែសីហា) ដើម្បីរារាំងការវាយប្រហារអត្ដឃាតសម្លាប់យ៉ាងរង្គាល នៅអាកាសយានដ្ឋានអន្ដរជាតិទិក្រុងកាប៊ូល។
បើតាមបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើយានយន្ដមួយគ្រឿង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ដែលពាក់ព័ន្ធនឹងសាខាអាហ្វហ្គានីស្ថាន នៃក្រុមរដ្ឋអ៊ិស្លាម។ សហរដ្ឋអាមេរិក ក៏បានព្រមានពីការវាយប្រហារអាចនឹងកើតមានទៀត ដោយសារការជម្លៀសថយចុះ។
ទោះជាយ៉ាងណា សហរដ្ឋអាមេរិក នឹងនៅតែរក្សាការជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន ចេញពីអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល រហូតដល់ថ្ងៃទី៣១ ខែសីហា ដែលបានព្រមព្រៀងគ្នា រវាងសហរដ្ឋអាមេរិក និងតាលីបង់ ដែលបានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានស្ទើរទាំងស្រុង។ ការវាយប្រហារ ដោយយន្ដហោះគ្មានមនុស្សបើកបរនេះ បានកើតឡើង ក្រោយមានការវាយប្រហារភេរវកម្ម បំផ្ទុះគ្រាប់បែកផ្ទួនគ្នា នៅខាងក្រៅអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល បណ្ដាលឲ្យពលរដ្ឋ១៧០នាក់ និងកងទ័ពសហរដ្ឋអាមេរិក ១៣នាក់ បាត់បង់ជីវិត។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឲ្យមានការសងសឹកទៅលើអ្នកនាំពីក្រោយការវាយប្រហារអត្ដឃាតនេះ។ តាមបញ្ជានេះ ១ថ្ងៃក្រោយមក កងទ័ពសហរដ្ឋអាមេរិក បានបើកការវាយប្រហារទៅលើគោលដៅរថយន្ដមួយគ្រឿង ដោយបានសម្លាប់អ្នករៀបចំគម្រោងវាយប្រហារភេរវកម្មម្នាក់ និងអ្នកពាក់ព័ន្ធម្នាក់ទៀត។ ដោយឡែកការវាយប្រហារ កាលពីថ្ងៃ២៩ ខែសីហា ក៏បានសម្លាប់បណ្ដាញភេរវករអាហ្វហ្គានីស្ថាន នៃក្រុមរដ្ឋអ៊ិស្លាមម្នាក់ផងដែរ៕រក្សាសិទ្ធិដោយ៖សារាយSN