ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលស្លាប់ដោយសារជំងឺកូវីដ១៩។
ក្នុងសារលិខិតរំលែកមរណទុក្ខ ឯកឧត្តម ម៉ម ប៊ុនហេង បានសរសេរថា យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃក្រសួងសុខាភិបាលទាំងអស់ មានក្តីក្តុកក្ដួលរន្ធត់ចិត្ត ដោយបានទទួលដំណឹងថា កញ្ញា អ៊ឹម ស្រីនិ មន្ត្រីសុខាភិបាល បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានទទួលមរណភាព នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីយប់ ក្នុងជន្មាយុ២៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
មរណភាពរបស់ កញ្ញា អ៉ឹម ស្រីនិ គឺជាការបាត់បង់ នូវបុគ្គលិកសុខាភិបាលមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការរួមចំណែកថែទាំអ្នកជំងឺកូវីដ-១៩។

ក្នុងឱកាសប្រកប ដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវមរណទុក្ខ ដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយ ក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ហើយសូមឧទ្ទិសបួងសួង ឲ្យដួងវិញ្ញាណក្ខន្ធកញ្ញា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
អ្នកគ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងខេត្តព្រះសីហនុ បានទទួលមរណភាពកាលពីយប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១ ពេលនាំយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ មរណៈភាពរបស់អ្នកគ្រូពេទ្យរូបនេះ បើយោងតាមក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បញ្ជាក់ថា គាត់មានវិជ្ជមានជំងឺកូវីដ១៩ និងមានជំងឺថ្លើមធ្ងន់ធ្ងរផង។

អ្នកគ្រូពេទ្យដែលទទួលមរណភាពនេះ មានឈ្មោះ អ៉ឹម ស្រីនិ ជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ បើតាមក្រុមគ្រូពេទ្យរួមអាជីពឲ្យដឹងដែរថាអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះដំបូងបានព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែដោយសារស្ថានភាពជំងឺធ្វើទុក្ខខ្លាំង គួបផ្សំនឹងមានជំងឺថ្លើមធ្ងន់ធ្ងរផងក៏ត្រូវបានបញ្ជូនទៅព្យាបាលបន្ត នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រីមៀម សែនសុខ បានតែរយៈពេល២ថ្ងៃ អ្នកគ្រូពេទ្យរូបនេះបានក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន។

លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយ អំពីមរណភាពរបស់អ្នកគ្រូពេទ្យរូបនេះ ជាមួយនឹងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ ហើយជាមួយគ្នានេះ លោកជំទាវ ពេជ ចន្ទមុន្នី ក្នុងនាមក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ រួមទាំងមិត្តភក្តិដែលគ្រូពេទ្យ បានបង្ហោះសារសម្តែងនូវការស្តោកស្តាយ ចំពោះការបាត់បង់អ្នកគ្រូពេទ្យឈ្មោះ អ៉ឹម ស្រីនិ និងចាត់ទុកមរណភាពនេះ គឺជាការលះបង់ដើម្បីជាតិ និងសូមឲ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ














