កំពត ៖ លោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក បានរងការចោទប្រកាន់ពីក្រុមមន្ត្រីក្រោមឱវាទ ក្នុងការបើកដៃឲ្យក្រុមឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីស្រុកប្រទេសវៀតណាម ចូលមកកម្ពុជា។ សូម្បីតែឈ្មួញនាំចូលពងមាន់ ពងទា និងបន្លែផ្លែឈើ ពីស្រុកវៀតណាម ក៏ត្រូវបង់លុយឲ្យដែរ គឺមិនលើកលែងនោះទេ។

មន្ត្រីបានបន្តទៀតថា បានឲ្យដឹងថា បច្ចុប្បន្នលោក យី ថុល និងបក្ខពួកគាបយកលុយពីឈ្មួញ និងអាជីវករនាំចូលពងមាន់ ពងទា និងបន្លែផ្លែឈើពីវៀតណាម ស្រេចតែអំពើចិត្ត។ ចំណែកឈ្មួញធំៗត្រូវលោក យី ថុល បើកដៃឲ្យនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងរលូន ហើយសូម្បីតែទំនិញប្រភេទចំណីអាហារ ខូចគុណភាព និងមានផ្ទុកសារធាតុគីមី ក៏លោក យី ថុល ឃុបឃិតឲ្យឈ្មួញនាំចូលដែរ។
មន្រ្តីគយក្នុងខេត្តកំពត ដែលនិយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការដែលថា លោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ គឺដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ដូច្នេះហើយទើបលោក យី ថុល យកជំនាញពុករលួយ កាលនៅធ្វើជាមេគយច្រក៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង មកអនុវត្តន៍ក្នុងតួនាទី ជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក។ ជាងនេះទៅទៀត បច្ចុប្បន្នថា លោក យី ថុល កំពុងក្លាយជាបង្អែក របស់ក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីវៀតណាម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្រុមមន្ត្រីបានសំណូមពរ ឲ្យថ្នាក់លើពិនិត្យមើល អំពើពុករលួយរបស់លោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក និងបក្ខពួក។
ទាក់ទងករណីនេះ លោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
