ភ្នំពេញ ៖ ស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានចេញផ្សាយព័ត៌មានថា សម្រាប់ជនដែលមានពិការភាពកាយសម្បទា ពិការភាពកាយសម្បទាអាចរារាំងមិនអោយគេធ្វើដំណើរបាន ដែលអាចធ្វើអោយគេមិនអាច ទទួលបានសេវាកម្មសំខាន់ៗ ចូលរួមក្នុងការពិភាក្សាសំខាន់ៗ និងផ្តល់យោបល់ក្នុងការសម្រេចចិត្តសំខាន់ៗ។

ក្នុងខែសីហានេះ ឯកអគ្គរាជទូតរង លោក Andreas Zurbrugg បានចូលរួមជាមួយ ឯកឧត្តម ឯម ច័ន្ទ មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីបើកដំណើរការជំរាលផ្លូវដើរ ចំនួន ២២ នៅខេត្តកំពង់ចាមខេត្ត កំពង់ស្ពឺ សៀមរាប បាត់ដំបង និងក្រចេះ តាមរយៈកម្មវិធី ACCESS ។ ជំរាលផ្លូវដើរនេះ នឹងគាំទ្រដល់អ្នកដែលជិះរទេះរុញ មនុស្សចាស់ និងអ្នកដែលមានការពិបាកក្នុងការធ្វើដំណើរ អាចធ្វើដំណើរមកកាន់សាលប្រជុំរបស់សាលាឃុំ នៅទូទាំងខេត្ត ព្រមទាំងធ្វើជាគំរូសម្រាប់ការសាងសង់ជំរាលផ្លូវដើរ សម្រាប់គម្រោងបន្តទៀត។
ជាមួយនឹងការដាក់អោយប្រើប្រាស់ជំរាលផ្លូវដើរទាំងនេះ លោកឯកអគ្គរាជទូតរង និងឯកឧត្តមរដ្ឋលេខាធិការ បានដាក់ចេញនូវវីដេអូអប់រំជារូបភាពមានចលនា ចំនួន ៥ ស្តីពីស្តង់ដារអគារដែលមានជំរាលផ្លូវដើរ ដើម្បីបង្កើនការយល់ដឹងអំពីការបង្កើតបរិយាកាសប្រកបដោយបរិយាប័ន្ន នៅគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល អប់រំ និងការងារ។ អូស្រ្តាលីក៏បានគាំទ្រកម្ពុជាក្នុងការបង្កើត ស្តង់ដារបច្ចេកទេសស្តីពីលទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់ជនមានពិការភាព ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដែលរួមបញ្ចូលជនមានពិការភាព នៅក្នុងគ្រប់គម្រោងអគារនិងសំណង់។

អូស្ត្រាលីមានមោទនភាពក្នុងការធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធី ACCESS ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា។
ឯកឧត្តម ឯម ច័ន្ទ មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ សូមលើកទឹកចិត្តសង្គមស៊ីវិល ដៃគូរអភិវឌ្ឍ ក្រុមជួយខ្លួនឯង បណ្តាអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់គ្នាបន្ត ធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀត ប្រកបដោយឥរិយាបថស្ថាបនា ពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមទាំងឡាយ ដើម្បីវឌ្ឍនភាពនិងចីរភាពនៃវិស័យពិការភាព ពិសេសការបង្កើនការយកចិត្តទុកដាក់ ដល់ជនមានពិការភាពលើប្រព័ន្ធឌីជីថល និងការបង្កើតការងារសមរម្យប្រកប ដោយគុណភាពជូនជនមានពិការភាព ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ វៃងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺការសម្រេចបាននូវ ឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលពេលនោះយើងសង្ឃឹមថា ជនមានពិការភាពក៏អាច មានប្រាក់ចំណូលដូចជនមិនមានពិការភាពផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




