ភ្នំពេញ ៖ លោក ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសាទរនិងវាយតម្លៃខ្ពស់ ចំពោះចំណាត់ការយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកវីដ-១៩ នៅក្នុងសហគមន៍ ដែលកម្ពុជាគឺជាប្រទេសទី២ ក្នុងអាស៊ានដែលមានអត្រាប្រជាជន បានចាក់វ៉ាក់សាំងខ្ពស់ជាងគេ ហើយជាលទ្ធផល បានធ្វើឱ្យសភាពការណ៍នៃការរីករាលដាល ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

ការអបអរសាទររបស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ ជាមួយលោក សុខ ចិន្ត សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី៣០ ខែសីហា នេះ។
បើយោងតាមមរបាយការណ៍ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មាន ៩០,៩២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៤,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


