ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ ជំនុំជម្រះ លើសំណុំរឿងក្តីព្រហ្មទណ្ឌ របស់លោកស្រី សុភ័គ្គ ថាវី ជាមន្ត្រីរាជការជាន់ខ្ពស់ម្នាក់ ដែលរងការចោទប្រកាន់ ពីពាណិជ្ជករ ជប៉ុនម្នាក់ថា បានឆបោកប្រាក់គាត់ ជាង ៧ម៉ឺនដុល្លារអាមេរិក តាមរូបភាពរត់ការចូលសញ្ជាតិខ្មែរ ឡើងវិញ បន្ទាប់ពីលោកស្រីបានប្តឹងជំទាស់នឹងសាលក្រមកំបាំងមុខ ដែលបានផ្តន្ទាទោសគាត់ ដាក់ពន្ធនាគារ កំណត់ ០១ ឆ្នាំ, បង្គាប់ឱ្យបង់ប្រាក់ចំនួន $ ៧៥,០០០ និង សងជំងឺចិត្ត ៣០ លានរៀល ទៅភាគីដើមបណ្ដឹង។

យោងតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា សំណុំរឿងក្តីនេះ, ចៅក្រមជំនុំជម្រះនឹងធ្វើសវនការ រឿងក្តីរបស់លោកស្រី សុភ័គ្គ ថាវី ឡើងវិញ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ។
យោងតាមឯកសាររបស់តុលាការ, លោកស្រី សុភ័គ្គ ថាវី អាយុ ៥៩ ឆ្នាំ ត្រូវបានលោក ឡុង វណ្ណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទ «ឆបោក» តាមបញ្ញត្តិមាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧។
លោកចៅក្រម ក៏បានបង្គាប់ឱ្យ លោកស្រីថាវី បង់ប្រាក់ចំនួន $ ៧៥,០០០ និង សងជំងឺចិត្ត ៣០ លានរៀលទៀត ទៅឈ្មោះ TAKAHASHI AKIHIRO ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិជប៉ុន ជាភាគីដើមបណ្ដឹង៕ រក្សាសិទ្ធិដោយ ចន្ទា ភា









