ភ្នំពេញ ៖ ផ្សារខេមបូឌាត្រេដ (Cambodia Trade) បង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម គ្រោងនឹងដាក់ដំណើរការនៅដើមខែតុលា ឆ្នាំ២០២១នេះ ដោយប្រើកម្មវិធីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ជាមួយធនាគារវីង ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូន ដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តាមគម្រោងដើមខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ផ្សារខេមបូឌាត្រេដ អាចនឹងមានឧបករណ៍គ្រប់គ្រាន់ ជាពិសេសប្រព័ន្ធទូទាត់, ដូច្នេះ នៅពេលដែលយើងមានប្រព័ន្ធទូរទាត់រួចរាល់ មានទំនិញដាក់លក់លើទីផ្សារហើយនោះ ការដាក់ដំណើរការផ្លូវការនៃផ្សារ Cambodia Trade នឹងចាប់ផ្ដើមទៅតាមគម្រោង។
លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារវីង រួចហើយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដើម្បីដាក់ឱ្យប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ នេះ។

ផ្សារខេមបូឌាត្រេដនេះ មិនមែនផ្ដោតលើតែសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសនោះទេ ប៉ុន្ដែសូមអំពាវនាវដល់ក្រុមហ៊ុន ដែលនៅក្រៅប្រទេស មកដាក់លក់លើផ្សារនេះផងដែរ។ ក្រសួងពាណិជ្ជកម្ម រំពឹងថា ផ្សារអេឡិចត្រូនិកនេះ មិនលក់ដូរតែទំនិញក្នុងស្រុកនោះទេ ប៉ុន្ដែនឹងជួយជំរុញឱ្យមានការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យម អាចលក់ទំនិញមានគុណភាព ទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN












