Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បើកកិច្ចប្រជុំពិភាក្សា រៀបចំផែនការ ត្រៀមទទួលជនភៀសខ្លួន អាហ្វហ្គាននីស្ថាន

spot_img

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី៣០ ខែសីហា ម្សិលមិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំផែនការ ត្រៀមទទួលជនភៀសខ្លួនអាហ្វហ្គាននីស្ថាន ដែលអាចនឹងចូលមកប្រទេសកម្ពុជា នាពេលឆាប់ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា ការត្រៀមទទួលជនភៀសខ្លួនអាហ្វហ្គាននីស្ថាន ដែលអាចនឹងចូលមកប្រទេសកម្ពុជា នាពេលឆាប់ខាងមុខនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានទទួលសំណូមពរពី អង្គការ Asia Foundation ដើម្បីសុំជម្លៀសបុគ្គលិករបស់អង្គការនេះ ដែលជាជនជាតិអាហ្វហ្គាននីស្ថាន ឲ្យចេញពីប្រទេសនេះ ដែលកំពុងមានភាពច្របូកច្របល់ដោយសារសង្គ្រាម។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានប្រសាសន៍បន្តថា ករណីនេះគឺបន្ទាប់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលសំណើពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមសំណូមពររបស់អង្គការ Asia Foundation ដោយយល់ព្រមទទួលជនភៀសខ្លួនអាហ្វហ្គាននីស្ថាន មិនឲ្យលើសពី ៣០០នាក់ ។ ដូច្នេះភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលត្រូវធ្វើ គឺការផ្តល់ទិដ្ឋការពេលមកដល់ ដល់ជនភៀសខ្លួនខាងលើ និងអនុញ្ញាតប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ជាឯកសារសម្រាប់ធ្វើដំណើរ រួមទាំងលើកលែងវិធានសុខាភិបាល សម្រាប់ការធ្វើដំណើរចូលប្រទេសកម្ពុជា ដល់ជនភៀសខ្លួនទាំងនោះ ដើម្បីឲ្យពួកគេអាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តវិធានការសុខាភិបាលនានា ដូចជា ធ្វើតេស្ត និងចត្តាឡីស័កជាដើម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ពេលដែលពួកគេចូលមកក្នុងប្រទេសកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានមានប្រសាសន៍បញ្ជាក់ថា តាមនីតិវិធីនេះហើយដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺជាប្រតិបត្តិករជួរមុខ សម្រាប់ត្រៀមលក្ខណៈសម្បត្តិ ដើម្បីត្រៀមទទួលជនភៀសខ្លួនទាំងនោះ។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន យល់ព្រម ទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ ដើម្បីស្នាក់នៅជាបណ្តោះអាសន្ន មុននឹងឆ្ពោះទៅកាន់ប្រទេសទី៣។

ការយល់ព្រមទទួលយកជនភៀសខ្លួនក្នុងគោលការណ៍មនុស្សធម៌ ដើម្បីស្នាក់នៅកម្ពុជាបណ្តោះអាសន្ននេះ ធ្វើឡើងតាមការស្នើសុំរបស់អង្គការ The Asia Foundation ប្រចាំកម្ពុជាមកកាន់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ។

អង្គការ The Asia Foundation បានស្នើសុំមករាជរដ្ឋាភិបាលកម្ពុជា ដោយបញ្ជាក់ថា«ដោយផ្អែកលើ គោលការណ៍មនុស្សធម៌មេត្តាពិនិត្យនូវលទ្ធភាពផ្តល់ទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជាដល់បុគ្គលិកអង្គការ The Asia Foundation ប្រចាំប្រទេសអាហ្វហ្កានីស្ថាន ដែលជាពលរដ្ឋអាហ្វហ្កានីស្ថាន និងក្រុមគ្រួសារ សម្រាប់រយៈពេលជាបណ្តោះអាសន្នក្នុងអំឡុងពេលដែលពាក្យស្នើសុំជាជនភៀសខ្លួនកំពុងតែដំណើរការ»។
ពាក់ព័ន្ធនឹងសំណើខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេច៖
១. ឯកភាពទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ក្នុងចំនួនមិនលើសពី៣០០នាក់
២. ផ្តល់ទិដ្ឋាការ នៅពេលមកដល់ (Visa on arrival) ដល់ជនភៀសខ្លួនខាងលើនិងអនុញ្ញាតឱ្យជនភៀស ខ្លួនទាំងនោះ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន សម្រាប់ធ្វើជាឯកសារធ្វើដំណើរ និង
៣. លើកលែងវិធានសុខាភិបាល សម្រាប់ការធ្វើដំណើរចូលមកកម្ពុជា ដល់ជនភៀសខ្លួនទាំងនោះដើម្បីពួកគេ អាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តទៅតាមវិធានសុខាភិបាលនានា (ធ្វើតេស្ត និងធ្វើចត្តាឡីស័ក ជាដើម) ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅពេលពួកគេចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកពាក់ព័ន្ធនឹងការស្នាក់នៅរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានខែ ក្រសួងការបរទសកម្ពុជាបាននឹងកំពុង ពិភាក្សាបន្ថែមជាមួយការអង្គការ The Asia Foundation ជាបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×