បាត់ដំបង ៖ យោងតាមនគរបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះថា តាមព័ត៌មានពីអ្នកភូមិប្រទះឃើញ សពបុរសម្នាក់ដែលត្រូវបានគេវាយសម្លាប់ រួចដឹកយកទៅកប់នៅក្នុងដីទុកចោលមួយកន្លែង។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានថ្លែងថា ហេតុការណ៍ប្រទះឃើញសាកសពនេះ បានកើតឡើងនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ ត្រង់ដីឡូត៍ទុកចោលមួយកន្លែង ឋិតនៅក្នុងក្រុមទី ២ ភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សពជនរងគ្រោះមានឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ភេទប្រុស ឣាយុ ៤៥ឆ្នាំ រស់នៅភូមិព្រៃភ្ងាស់ ឃុំដូនបា មានជម្ងឺសរសៃប្រសាទជាប់នឹងខ្លួន។ ក្រោយការពិនិត្យធ្វើកោសល្យវិច័យ ក្រុមនគរបាលជំនាញ បានរកឃើញស្លាកស្នាមមួយចំនួន ដែលវាយដោយវត្ថុរឹង ត្រូវផ្ទៃមុខខាងឆ្វេង និងក្បាលផ្នែកខាងក្រោយចំហៀងខាងស្តាំ សាកសពមានសភាពហើម និងរលួយធុំក្លិនស្អុយ។

ប្រភពពីប្រជាពលរដ្ឋជាអ្នករកអុសដែលប្រទះឃើញបញ្ជាក់ថា÷ ដំបូងគាត់បានឃើញដានអាចម៍ដី ដែលលុបជារណ្តៅ ជម្រៅប្រហែលកន្លះម៉ែត្រ ហើយដាក់ការសង្ស័យ រួចគាត់ក៏ឆ្កឹះកាយដីមើល ក៏ធុំក្លិនស្អុយក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ ដល់សមត្ថកិច្ចតែម្តង។
ករណីឃាតកម្មខាងលើនេះ កម្លាំងផ្នែកជំនាញកំពុង បើកការស្រាវជ្រាវ ដើម្បីស្វែងរកក្រុមគ្រួសារណា ដែលបានបាត់សមាជិក និងតាមចាប់ជនបង្កមកផ្តន្ទាទោសតាមច្បាប់។
គួររំលឹកថា កាលពីប៉ុន្មានថ្ងៃមុននេះ គ្រោងឆ្អឹងសពចំនួន២ ត្រូវបានគេប្រទះឃើញកប់នៅក្នុងទឹកដីខណ្ឌកំបូល សង្ស័យករណីឃាតកម្ម ដោយជនដៃដល់បានសម្លាប់ជនរងគ្រោះ រួចយកសពមកកប់ចោល ទើបប្រពលរដ្ឋដើរជីកត្រពាំង ប្រទះឃើញបង្កការភ្ញាក់ផ្អើល៕ រក្សាសិទ្ធិ ដោយ៖ជំនោ



