Saturday, November 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកសវនាការជំនុំជម្រះលើបណ្តឹង ឧទ្ធរណ៍ អតីតមេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍ ដែលត្រូវបានតុលាការខេត្តកំពង់ធំ កាត់ទោស ដាក់ពន្ធនាគារកំណត់០១ ឆ្នាំ

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្តឹង ឧទ្ទរណ៍ អតីតមេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍ លោកសន សំនៀង ដែលត្រូវបានតុលាការខេត្តកំពង់ធំ កាត់ទោស ដាក់ពន្ធនាគារកំណត់០១ ឆ្នាំ និង ពិន័យជាប្រាក់ ៥លានរៀល ជាប់ពាក់ព័ន្ធការបរិហារកេរ្តិ៍លោកមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហង្សថុល និង ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈហ្វេសប៊ុកដោយសារតែគាត់បានបង្ហោះសារក្នុងហ្វេសប៊ុក (Facebook) របស់ខ្លួន រិះគន់ ពីភាពមិនប្រក្រតីនៃការចាប់គ្រឿងញៀនជិត២០០គីឡូក្រាម ដែលគាត់បានបង្ក្រាបបាននៅស្រុកបារាយណ៍ ក្នុងអំឡុងឆ្នាំ ២០១៣ និង ការចោទប្រកាន់ប្រកាន់ថា លោកហង្ស ថុល បានយករថយន្តមួយគ្រឿង ដែលជាវត្ថុតាង នៃ បទល្មើសគ្រឿងញៀន ទៅរក្សាទុកនៅផ្ទះរបស់គាត់ និងបានទុកប្រើប្រាស់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

សវនាការនេះ ដឹកនាំដោយ លោកពៅ ភូស៊ុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និង មានលោកតាន់ សេងណារ៉ុង ជាតំណាងអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ ភ្នំពេញ។

លោកចៅក្រម ភូស៊ុន បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ សន សំនៀង ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវជាប់ចោទំនួន ពីរបទល្មើស គឺពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៣០៥ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទត្រូវបាន តុលាការខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០១៩ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់០១ ឆ្នាំ តែអនុវត្តទោស នៅក្នុងពន្ធនាគារ កំណត់ ០៧ ខែ ទោសនៅសេសសល់ត្រូវព្យួរទាំងអស់ និង ពិន័យជាប្រាក់ចំនួន ៥លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

តែជនជាប់ចោទ បានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍ភ្នំពេញ។

លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៨ និង ត្រូវបានប្តឹង ដោយលោកហង្ស ថុល ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាភាគី បន្ទាប់ពីជនជាប់ចោទ បានឡាយ ( Live) ( ផ្សាយបន្តផ្ទាល់) នៅលើសង្គមហ្វេសប៊ុក មួយដែលមានឈ្មោះ ” យមរាជលោកិយ ” ដែលជាអាខោនរបស់ខ្លួន រិះគន់ ពីភាពមិនប្រក្រតីនៃការចាប់គ្រឿងញៀន១៧០ គីឡូក្រាម ដែលខ្លួនបានបង្ក្រាបបាន កាលពីធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ នៅក្នុងស្រុកកំពង់ធំ នៅក្នុងឆ្នាំ ២០១៣។២០១៣ និង ការចោទប្រកាន់ប្រកាន់លោកហង្ស ថុល បានយករថយន្តមួយគ្រឿង ដែលជាវត្ថុតាង នៃ បទល្មើសគ្រឿងញៀន ទៅរក្សាទុកនៅផ្ទះរបស់គាត់ និងបានទុកប្រើប្រាស់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

នាពេលសវនាការ, ឈ្មោះ សន សំនៀង ដែលមានវត្តមាននៅក្នុងបន្ទប់សវនាការ, បាននិយាយថា នៅក្នុងសំណុំរឿងក្តីនេះ, ទោះបីជា ខ្លួនបានជាប់គុក និង អនុវត្តទោស រួចរាល់ ចំនួន ០៧ ខែ នៅក្នុងពន្ធនាគារ ហើយក្តី តែគាត់នៅតែបន្តប្តឹងផ្តល់ មកកាន់តុលាការថ្នាក់លើ ពីព្រោះវាជារឿងដ៏សែន អយុត្តិធម៌មួយ សម្រាប់រូបគាត់ និង វាបានធ្វើឱ្យគាត់បាត់បង់ការងារ ពីក្របខ័ណ្ឌមន្ត្រីកងរាជអាវុធហត្ថ , បែកបាក់គ្រួសារ និង រលត់រលាយ អស់ទ្រព្យសម្បត្តិរលីង។

សន សំនៀង បានអះអាងថា អ្វីគាត់បាននិយាយ និងឡាយនៅក្នុងសង្គមហ្វេសប៊ុកនោះ គឺជារឿងពិត, មិនមែនការបរិហារកេរ្តិ៍ ឬ បង្ខូចកិត្តិយស របស់លោកហង្ស ថុលនោះទេ។ និងក៏មិនបានញុះញង់ឲ្យមានការ ប្រឆាំងនឹងលោកមេអាវុធហត្ថ ហង្ស ថុលនោះដែរ។

សន សំនៀង បាននិយាយទៀតថា ម្យ៉ាងវិញទៀត, គាត់ក៏ ដាក់ភស្តុតាងទាំងនោះ ទៅកាន់តុលាការ និងថ្នាក់លើតាមឋានានុក្រមដែរ, តែផ្អឹបរបាយការណ៍របស់គាត់។

សន សំនៀង បានសំណូមពរឲ្តុលាការឧទ្ធរណ៍ មេត្តាជួយរកការពិត និងយុត្តិធម៌ ដល់ខ្លួននិងសម្រេចលើការចោទ រូបលោកឲ្យមានសេរីភាពវិញ។

តំណាងអយ្យការលោកតាន់ សេងណារ៉ុង បានថ្លែងថា យោងតាមការដេញសាកសួរ និង ចម្លើយរបស់ជនជាប់ចោទ, ពុំមានធាតុផ្សំគ្រប់គ្រាន់ ដែលអាចដាក់ជាបន្ទុក និងកាត់ទោស ជាប់ជាប់ចោទ ឈ្មោះ សន សំនៀង ពីបទ ” បរិហារកេរ្តិ៍ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ” នោះឡើយ។

លោកព្រះរាជអាជ្ញា តាន់ សេងណារ៉ុង ដែលមហាជនខ្មែរ និង អ្នកទោសភាគច្រើនបំផុត បានកោតសរសើរ និង ចាត់ទុក ថា ជាព្រះរាជអាជ្ញាល្អ-គំរូ-យុត្តិធម៌-និង មានសមត្ថភាពខ្ពស់ ក្នុងផ្លូវច្បាប់នោះ-បានធ្វើការសន្និដ្ឋាន ដោយទម្លាក់ចោលរបស់ឈ្មោះ សន សំនៀង និង បានសំណូមពរឲ្យក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចឲ្យឈ្មោះ សន សំនៀង រួចផុតពីបទចោទប្រកាន់ទាំង២ករណីខាងលើ។

ទាក់ទងនឹងករណីខាងលើនេះ, កាលពីថ្ងៃទី ១៨ ខែ កក្កដាឆ្នាំ ២០១៨, អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ធ្វើសន្និសីទកាសែតថា លោក សន សំនៀង បានបំផ្លើសព័ត៌មានធ្វើឲ្យសាធារណជនភ័ន្តច្រឡំ ហើយជាការប្រព្រឹត្តបទល្មើសជាក់ស្ដែង ដែលលោកបានផ្សព្វផ្សាយផ្ទាល់ នៅក្នុងហ្វេសប៊ុក ដែលច្បាប់មិនអនុគ្រោះឲ្យនោះទេ។

លោកហេង អ៉ី បានថ្លែងថា ឈ្មោះ សន សំនៀង ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថកាលពីឆ្នាំ២០១៧ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកហេង អ៉ី ក៏បានច្រានចោលការចោទប្រកាន់ របស់ឈ្មោះសន សំនៀង ចំពោះ លោកហង្ស ថុល ដោយបញ្ជាក់ថា បទល្មើសដែលសន សំនៀង បង្ក្រាប និង រឹបអូសអូស បាន កាលគាត់ធ្វើជាមន្ត្រីកងរាជអាវុធនៅស្រុកបារាយណ៍នោះ គឺ មិនមែនជាគ្រឿងញៀននោះទេ តែកញ្ឆារក្រៀម។

ចំណែកឯ, ឡានកាំម៉ារី មួយគ្រឿង ដែលដកហូតបាននោះ គឺសព្វថៃ្ងនេះ ត្រូវបានរក្សាទុកនៅឯតុលាការខេត្តកំពង់ធំនៅឡើយ។

សំណរឿងក្តីដ៏រសើបនេះ, សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកា នៅដើមសប្តាហ៍ ខែ កញ្ញា ខាងមុខនេះ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×