ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១ បានតម្កល់ទោស បុរសជាប់ចោទជាអនីតិជនខ្មែរអាមេរិកាំងម្នាក់ និង ជាគ្រូបង្រៀនហាត់ប្រាណ (បង្រៀនហាត់ប្រាណតាមចង្វាក់បទភ្លេង និង ចម្រៀង) ដោយដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ ជាប់ពាក់នឹងអំពីឃាតកម្ម ដាល់បុរសចំណាស់ម្នាក់ ចំនួនមួយដៃ បណ្តាលឲ្យស្លាប់ ដោយសារជម្លោះសត្វឆ្កែខាំគ្នា ។
លោកជំទាវចាន់ ម៉ារីណា ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍ ភ្នំពេញ បានថ្លែងឲ្យដឹង ក្នុងសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ សេក ធុច ភេទប្រុស អាយុ៤១ឆ្នាំ មុខគ្រូបង្ហាត់កីឡាហាត់ប្រាណ មានទីលំនៅមុនចាប់ខ្លួន ស្នាក់នៅផ្ទះជួលលេខ១៤០ផ្លូវលេខ០៥ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិស្វីស មានលិខិតឆ្លងដែនស្នាក់នៅផ្ទះជួលលេខ៤០E1 ផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកជំទាវចៅក្រម បានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ សេក ធុច ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ និង បង្គាប់ឱ្យបង់ថ្លៃជម្ងឺចិត្ត ចំនួន ៨០លានរៀល ( ប្រមាណ ២០ ម៉ឺនដុល្លារអាមេរិក) ពីបទ ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោសបណ្តាលឲ្យស្លាប់ជនរងគ្រោះ តាមមាត្រា ២២៤ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

តែជនជាប់ចោទបានប្តឹងជំទាស់មកសាលាឧទ្ធរណ៍។
លោកជំទាវចៅក្រមបានបន្ថែមថា ជនជាប់ចោទត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០ បន្ទាប់ពីគាត់បានដាល់ជនរងគ្រោះ ចំនួន មួយដៃ ចំសៀតផ្កា បណ្តាលឲ្យជនរងគ្រោះ ដួលផ្ងារក្រោយ និង បណ្តាលឲ្យក្បាលខាងល្រោយរបស់គាត់ បុកចំ នឹងឥដ្ឋ ដេកសន្លប់ស្តូកស្តឹងនៅនឹងដី។
ជនរងគ្រោះ ក្រោយមកត្រូវបានស្លាប់ នៅក្នុងមន្ទីរពេទ្យ ក្នុងរយៈពេល ៥ ថ្ងៃ និង ៦ យប់ បន្ទាប់ដោយសារតែ របួសធ្ងន់ធ្ងរពេក។
នាពេលសវនាការ, ឈ្មោះ សេក ធុច ទទួលស្គាល់កំហុស ក៏ប៉ុន្តែគាត់បាននិយាយថា គាត់គ្មានបំណងដាល់សម្លាប់ជនរងគ្រោះនោះទេ។
សេក ធុចនិយាយថា មូលហេតុដែលគាត់ ដាល់ជនរងគ្រោះនៅពេលនោះ គឺដោយសារតែខឹងជនរងគ្រោះ យករំពាត់វ៉ៃឆ្កែរបស់ខ្លួន ដែលប្រឡែងលេងជាមួយឆ្កែរបស់ជនរងគ្រោះ នៅសួនច្បារមាត់ទន្លេ។
សេក ធុច សុំឲ្យសាលាឧទ្ធរណ៍ភ្នំពេញ មេត្តាបន្ធូរបន្ថយទណ្ឌកម្ម គាត់ពី១០ ឆ្នាំ មកនៅត្រឹមជាប់ទោស០៧ឆ្នាំ និង សុំបន្ធូរបន្ថយ សំណងរដ្ឋប្បវេណី ទៅគ្រួសាររបស់ជនរងគ្រោះ ពីព្រោះគាត់ថា គាត់គ្មានលទ្ធភាពនឹង រកលុយសងបាននោះទេ ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា

